CNN បានផ្សាយថា ប្រទេសជប៉ុនបានបង្ហាញផែនការសន្តិសុខជាតិថ្មីមួយកាលពីថ្ងៃសុក្រ ដែលជាសញ្ញាបង្ហាញពីការកសាងកម្លាំង យោធាដ៏ធំបំផុតរបស់ប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដោយបានបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដង និងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួន ខណៈដែលប្រទេសនេះ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងតំបន់។
ក្នុងការទទួលយកគំនិតផ្តួចផ្តើមការពារជាតិថ្មី ប្រទេសជប៉ុនកំពុងធ្វើការកែប្រែរដ្ឋធម្មនុញ្ញ ក្រោយសង្គ្រាមលោកលើកទី ២ របស់ខ្លួន ដែលដាក់កំហិតលើកងកម្លាំងស្វ័យការពារខ្លួន ដើម្បីការពារមាតុភូមិរបស់ជប៉ុនតែគ្មានសិទ្ធផលិតអាវុធនិងចេញច្បាំងជាមួយប្រទេសណានោះទេ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីល្ងាចថ្ងៃសុក្រនៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រី ហូមីអូ គីស៊ីដា បាននិយាយថា រដ្ឋាភិបាលបានអនុម័តឯកសារសន្តិសុខចំនួនបី គឺយុទ្ធសាស្ត្រសន្តិសុខជាតិ(NSS) យុទ្ធសាស្ត្រការពារជាតិ និងផែនការអភិវឌ្ឍន៍កងកម្លាំងការពារដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុនចំពេលមានការ កើនឡើងកាន់តែខ្លាំងពីប្រទេសជិតខាង។
លោកគីស៊ីដា បាននិយាយថា វិធានការថ្មីរួមមានបទប្បញ្ញត្តិដែលអាចឱ្យប្រទេសជប៉ុនមានសមត្ថភាពប្រឆាំង និងសមត្ថភាពក្នុងការវាយប្រហារដោយផ្ទាល់លើទឹកដីនៃប្រទេសមួយផ្សេងទៀតក្នុងករណីមានអាសន្ន និងស្ថិតក្រោមកាលៈទេសៈជាក់លាក់។
យុទ្ធសាស្ត្រការពារថ្មីរបស់ទីក្រុងតូក្យូបានទាក់ទាញការសរសើរពីសម្ព័ន្ធមិត្តលេខ ១ របស់ខ្លួនគឺសហរដ្ឋអាមេរិក ដែលចែករំលែកសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយជប៉ុន ហើយបានសន្យាការពារទឹកដីជប៉ុនពីការវាយ ប្រហារ។
ប្រទេសជប៉ុននឹងបែងចែកប្រហែល ៤៣ ពាន់ពាន់លានយ៉េន ៣១៥ ពាន់លានដុល្លារសម្រាប់ថវិកាការពារជាតិ ក្នុងរយៈពេល ៥ ឆ្នាំចាប់ពីសារពើពន្ធឆ្នាំ២០២៣ ដោយកំណត់គោលដៅនៃការបង្កើនការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំដល់ប្រហែល 2 ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅក្នុងសារពើពន្ធ 2027 ។ ចិនប្រឆាំងដាច់ខាតចំពោះការធ្វើបច្ចុប្បន្នភាពការពាតិរបស់ជប៉ុន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ក៏បាននិយាយកាលពីថ្ងៃសុក្រនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា ប្រទេសចិនជំរុញឱ្យប្រទេសជប៉ុនធ្វើសកម្មភាពតាមការយល់ស្របផ្នែកនយោបាយដែលប្រទេសទាំងពីរជាដៃគូសហប្រតិបត្តិការហើយកុំបង្កការគំរាមកំហែងដល់គ្នាទៅវិញទៅមក។ លោក Wang បាននិយាយថា ការយកលេសគំរាមកំហែងរបស់ចិនដើម្បីស្វែងរកការកសាងយោធារបស់ខ្លួននឹងត្រូវបរាជ័យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតចិននៅទីក្រុងតូក្យូ បាននិយាយថា ចំណាត់ការរបស់ប្រទេសជប៉ុនបានបង្វែរយ៉ាងធ្ងន់ធ្ងរពីការពិតជាមូលដ្ឋាននិងធ្វើឱ្យមានភាពតានតឹងក្នុងតំបន់និងការប្រឈមមុខដាក់គ្នា៕