
កុំជ្រើមជ្រួលរឿងចាក់វ៉ាក់សាំងដូសទី៣ បើចាក់បានពីរដូស ប្រសើរហើយ!
លោកស្រី ឱ វណ្ណឌិន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យជ្រាបថា ឥឡូវនេះ ឃើញថាប្រជាពលរដ្ឋ មានការជ្រួលច្របល់រឿងចាក់ដូសទី៣។ ការចាក់លើកទី៣នេះ គឺកំពុងតែស្ថិតនៅក្នុងការសិក្សានៅឡើយ ហើយអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរ សូមឱ្យមានការគោរពទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ព្រោះនេះគឺជាជីវិតមនុស្ស មិនអាចយកជាការលេងសើចបាននោះទេ តែបើបងមានបងប្អូនណាប្រថុយប្រថាន ជារឿងរបស់គាត់ ប៉ុន្តែត្រូវគិតថា នេះគឺជាអាយុជីវិត។
លោកស្រី បានបញ្ជាក់បន្ថែមថា វ៉ាក់សាំង គឺជារឿងមួយដែលសំខាន់សម្រាប់ជួយទ្រទ្រង់និងជួយសរីរាង្គឱ្យមានកងការពារ ដើម្បីទប់ជាមួយនឹងមេរោគចូលទៅក្នុងខ្លួន តែកុំភ្លេចការចាក់វ៉ាក់សាំងនេះ មិនមែនការពារកុំឱ្យឆ្លងទេ សុំកុំឲ្យមានការភាន់ច្រឡំឲ្យសោះ ត្រង់ចំណុចនេះ៕