
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាដៃគូសហការជាមួយក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមិថុនា បានឱ្យដឹងថាអំណោយជាទឹកប្រាក់ចំនួន ១៩៩.៧៥៧ ដុល្លារ នឹងត្រូវយកទៅជូនរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃសុក្រទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤រសៀល នៅសាលប្រជុំសាលាខេត្តធិ៍សាត់ ខាងមុខនេះ។
គោលបំណងជូនអំណោយជាទឹកប្រាក់នេះ គឺដើម្បីឱ្យរដ្ឋបាលខេត្តចាត់ចែងទិញសម្ភារ បរិក្ខារវេជ្ជសាស្ដ្រសម្រាប់ក្រុមការងារ និងក្រុមគ្រូពេទ្យជួរមុខប្រើប្រាស់ ក្នុងការអនុវត្តន៍វិធានសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ នៅក្នុងខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ថវិការនេះជាចំនែកមួយបានមកពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ជាមូលនិធិរួមរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដែលបានមកពីការលក់ថាមពលកាបូន (ឥណទានកាបូន) ដើម្បីជួយធ្វើឱ្យប្រសើរឡើងផ្នែកជីវភាព និងចូលរួមអភិវឌ្ឍសហគមន៍អ្នករស់នៅតំបន់ផ្ទៃរងទឹកភ្លៀងជួរភ្នំក្រវាញ។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះថវិការចំនួនប្រាក់៥ម៉ឺនដុល្លារ ក៏បានផ្ដល់ជូនអាជ្ញាធរឃុំដងពែងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីកសាងផ្លូវក្រាលគ្រួសក្រហមប្រវែង៥គីឡូម៉ែត្រ តភ្ជាប់ទៅភូមិពោធិ៍បឹង ស្ថិតនៅតំបន់ដាច់ស្រយាលកណ្ដាលព្រៃភ្នំផងដែរ៕



