កោះកុង៖ ផូស៊ីលដាយណូស័រនៅកម្ពុជាត្រូវបានរកឃើញជាលើកដំបូងនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ស្ថិតនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីឆ្នាំ២០២១។
លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នាយកដ្ឋានតំបន់បេតិកភណ្ឌអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា អ្នកជំនាញសន្និដ្ឋានជាបឋមថាផូស៊ីលដាយណូស័រនោះជាឆ្អឹងស្មងជើងខាងឆ្វេងដែលវាមានកម្ពស់ ៣ម៉ែត្រ។ ផូស៊ីលដាយណូស័រនេះត្រូវបានប្រទះឃើញដោយចៃដន្យនៅក្នុងស្រទាប់ថ្មភក់ផ្នែកខាងក្រោមកោះប៉ោ។ផូស៊ីលដាយណូស័រដែលមានប្រវែង ៧០សង់ទីម៉ែត្រ និងទទឹង ២០សង់ទីម៉ែត្រ អ្នកស្រាវជ្រាវមិនទាន់អាចបញ្ជាក់បានថាជាប្រភេទដាយណូស័រណានៅឡើយទេ។ តែផ្អែកតាមស្រទាប់ថ្មភក់វាមានអាយុកាលពី ៦៥លានទៅ១៩០លានឆ្នាំមុន។
លោកដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវផូស៊ីលនោះដោយផ្ទាល់បានប្រាប់ថា៖ «អាយុកាលរបស់វា គឺវាចាស់ជាងពួកដំរីដែលមានជីវិតនៅលើពិភពលោក។ ចំណែកថ្មដែលយើងឃើញនោះគឺវាចាស់ជាង៦៥លានឆ្នាំ។ ពេលវេលាវាខុសគ្នា អ៊ីចឹងការដែលយើងសិក្សាផ្នែកផូស៊ីល គឺយើងសិក្សាទៅលើថ្ម បូកផ្សំនឹងដី និងជីវចម្រុះ។ យើងរកឃើញវានៅលើកោះប៉ោ ប៉ុន្តែកោះហ្នឹងនៅលើភ្នំ ជាប់នឹងដៃសមុទ្រ។ ការសិក្សាផូស៊ីលគឺយើងពិនិត្យលើសណ្ឋានដីរបស់វា កោះប៉ោភ្ជាប់ទៅហ្នឹងភ្នំក្រវាញ ដែលអាយុភ្នំក្រវាញគឺមានអាយុចន្លោះ ៦៥លានទៅជាង ១០០លានឆ្នាំ គឺជាថ្មដែលសម្បូរជាងគេនៅហ្នឹង អ៊ីចឹងនេះជាភាពទូទៅ។ អ៊ីចឹងយើងពិនិត្យថាដែលយើងរកឃើញនោះវាចូលក្នុងភាពទូទៅ ឬស្ថិតក្នុងលក្ខខណ្ឌអីមួយផ្សេង»។
លោកបន្តថា ទីតាំងដែលរកឃើញនោះ គឺវាស្ថិតក្នុងទីតាំងថ្មភក់ (ដូចថ្មនៅភ្នំគូលែន ដូចថ្មនៅក្នុងអង្គរ) លក្ខណៈភូគព្កសាស្ត្រនៃតំបន់ជួរភ្នំក្រវាញគឺថ្មភក់។បើតាមទន្និន័យដែលយើងភ្ជាប់វា គឺវាស៊ីគ្នានឹងទន្និន័យលក្ខណៈទូទៅគឺចន្លោះពី ៦៥លានឆ្នាំ ទៅជិត ២០០លានឆ្នាំ។
បច្ចុប្បន្នអ្នកជំនាញស្រាវជ្រាវផូស៊ីលជនជាតិបារាំង២នាក់ និងជនជាតិស្វីសចំនួនម្នាក់នឹងមកកម្ពុជាសិក្សាស្រាវជ្រាវ កំណត់អាយុកាល និងកំណត់អំពីប្រភេទដាយណូស័រពិតប្រាកដ។ លោកថា ទម្រាំតែសិក្សាស្រាវជ្រាវចប់ គឺត្រូវចំណាយពេលយ៉ាងហោចណាស់ ១ឆ្នាំទៀត ទើបដឹងច្បាស់ពីប្រវត្តិផូស៊ីលដាយណូស័រនោះ។
សួមរម្លឹកថា បេសកកម្មស្វែងរកផូស៊ីលនៅកម្ពុជាគឺចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ២០១៩ ដោយក្នុងនោះអ្នកជំនាញបានរកឃើញផូស៊ីលជាច្រើនប្រភេទនៅក្នុងស្ថានីយផូស៊ីលចំនួន ៤៣កន្លែង។ផូស៊ីលដែលរកឃើញមានដូចជា ផូស៊ីលសត្វសមុទ្រ ខ្យង ត្រី លៀស ផ្កាថ្មសំបុកឃ្មុំ ផូស៊ីលដើមឈើ ផូស៊ីលដាយណូស័រ និងផូស៊ីលជាប្រភេទដានជើងជាដើម៕ ធម្មជាតិ