ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ កាលពីថ្ងៃទី២២ កញ្ញា បានឱ្យដឹងថាប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងជំហាន១ មានចំនួន៣៨០ ហើយក្នុងនោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមាន ភូមិកប៉ាសលើ ភូមិកប៉ាស ភូមិបំណក់ ភូមិទួលត្បែងភូមិដង្កៀបក្តាម និងរងផលប៉ះពាល់កម្រិតស្រាលមាន៖ ភូមិចាមថ្មី និងភូមិកណ្តាល ខណៈទឹកបានមានសភាពធូរស្រាល។
រីឯនៅឃុំឈើតុំមានជំនន់ទឹកភ្លៀង ដោយសារភ្លៀងជោគជាំនៅតំបន់ជួរភ្នំឱរ៉ាល់ និងក្នុងតំបន់ភូមិសាស្ត្រឃុំរយៈពេលមួយយប់មួយថ្ងៃ ជាហេតុធ្វើឱ្យទឹកស្ទឹងបំណក់ឡើងយ៉ាងគំហុកជាងឆ្នាំមុនៗ បណ្តាលឱ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងចំណោម១២ភូមិ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាមួយចំនួនផងដែរ។
សូមរម្លឹកថា ក្រសួងធនធានទឹក និងឧតុនិយម ក៏បានឱ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា០២ថ្ងៃ បានបង្កឱ្យជន់លិចដោយទឹកភ្លៀង ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ បានប៉ះពាល់ដល់ផ្លូវរថភ្លើង និងផ្លូវទីប្រជុំជន ផ្សារបំណក់ ក្នុងឃុំឈើតុំមួយចំនួន ហើយបច្ចុប្បន្នកំពុងស្រកជាបណ្តើៗ៕ តាពេជ្រ