យុវជនមួយក្រុមមកពីខេត្តតាកែវ សៀមរាប និងកំពង់ស្ពឺ រួមគ្នាដាក់ញត្តិទៅក្រសួងអប់រំ យុវជននិងកីឡា ដើម្បីឱ្យពិចារណាផ្អាកការបង្កើតដេប៉ាតឺម៉ង់វៀតណាម បន្ទាប់ពីពួកគេបានស្ដាប់ការបកស្រាយរបស់ក្រសួងអប់រំជុំវិញករណីនេះដែរ។
លោក ធែល ធីលែន តំណាងក្រុមយុវជនបានឱ្យដឹងថា ក្រុមខ្លួនមើលឃើញ ហានិភ័យខ្ពស់ចំពោះវត្តមាន ដេប៉ាតឺម៉ង់វៀតណាម ជាងការទាញប្រយោជន៍។ លោកថា ភាសាវៀតណាមមិនមែនជាតម្រូវសម្រាប់មហាជនឡើយ ហើយពុំស្មើភាពគ្នាជាមួយនឹងប្រទេសវៀតណាម ដែលពុំបើកចំហរសេរីភាពក្នុងរៀនភាសាខ្មែរ ឱ្យពលរដ្ឋកម្ពុជាក្រោម។
នៅខាងមុខសាសកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃទី២៩សីហា លោក ធីលែន ថ្លែងយ៉ាងដូច្នេះ៖«យើងព្រួយបារម្ភពីឈានដល់ការគ្រប់គ្រង ដោយចិត្តសាស្រ្ត ឬមនោគមន៍ចិត្តសាស្រ្តបានព្រោះទំនាក់ទំនងវៀតណាមកម្ពុជាពីប្រវត្តិសាស្រ្តមកពុំមានប្រយោជន៍ឡើយ គឺមានតែការឈ្លានពាន ហើយការបង្កើតនេះ វាប៉ះពាល់ដល់អក្សសាស្រ្តនិងវប្បធម៌»។
ក្រោយក្រសួងបានទទួលញត្តិនេះ ពួកគេ បន្តដំណើរទៅ មុខសាសកលវិទ្យាល័យភូមិន្ទភ្នំពេញដើម្បីដាក់ញត្តិទៅខាងសាលា ប៉ុន្តែភាគីសាលាបដិសេធ ក្រោមហេតុផលថា សាលានៅក្រោមក្រសួង។ ដូច្នេះ ដាក់ញត្តិនៅក្រសួងហើយ ពុំចាំបាច់ដាក់នៅសាលបន្តទៀតនោះទេ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ សុំមិនបកស្រាយបន្ថែមអ្វីឱ្យលើសពីសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកន្លងមកឡើយ។
សូមរម្លឹកថា ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំយុវជន និងកីឡា» នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក រស់ សុវាចាអ្នក នាំ ពាក្យ ក្រសួង អប់រំ យុវជន និង កីឡា សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «(ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម) គោលបំណង គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់តាមរយៈការលើកកម្ពស់ការរៀន និងបង្រៀននៅកម្រិតឧត្ដមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធ»។
បច្ចុប្បន្នមានដេប៉ាតឺម៉ង់ភាសាបរទេសដទៃទៀត កំពុងមានវត្តមាននៅតាមសកលវិទ្យាល័យនៅកម្ពុជា។ ភាសាបរទេសទាំងនោះរួមមាន ថៃ ចិន កូរ៉េ ជប៉ុន បារាំង អង់គ្លេស និងសិក្សាអន្តរជាតិ។
ក្រុមយុវជនខាងលើថា ការដាក់ញត្តិនេះ ពួកគេផ្អែកតាមសក្ខីភាព ឬមតិជំទាស់តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលក្រុមខ្លួនប្រមូលបានប្រមាណ៥០០ករណី ដូចនេះពួគេនឹងបន្តតាមដានញត្តិនេះ នៅក្នុងសប្ដាហ៍ក្រោយទៀត បើពុំមានលទ្ធផល ពួកគេនឹងបន្តតវ៉ាដោយសន្តិវិធីបន្តទៀត៕ 1Post