ការអភិរក្សសត្វដំរីព្រៃអាស៊ី នៅកម្ពុជារយៈពេល១០ឆ្នាំ ត្រូវការថវិកា ៤០,៥លានដុល្លារ ដែលរំពឹងពីប្រភពរួមបញ្ចូលគ្នា

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 12 សីហា 2022
ការអភិរក្សសត្វដំរីព្រៃអាស៊ី នៅកម្ពុជារយៈពេល១០ឆ្នាំ ត្រូវការថវិកា ៤០,៥លានដុល្លារ ដែលរំពឹងពីប្រភពរួមបញ្ចូលគ្នា

ក្រសួងបរិស្ថាន នៅថ្ងៃទី១២ សីហា ២០២២ នេះថា យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ី ត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

ក្រសួងក៏បានបង្ហាញសុទិដ្ឋិនិយមថាជាមួយផែនការអភិរក្សសត្វដំរី ការដោះស្រាយជម្លោះរវាងមនុស្សនិងដំរី និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើការងារការពារនិងអភិរក្សតំបន់ការពារធម្មជាតិ នោះនឹងកាន់តែធ្វើឱ្យទីជម្រករបស់សត្ចដំរីកាន់តែមានសុវត្ថិភាពរួមនឹងការយល់ដឹងនិងការចូលរួមអភិរក្សពីសំណាក់ប្រជាពលរដ្ឋផងដែរ។

ក្រសួងថាក្រៅពីក្របខណ្ឌអភិរក្សរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូ វធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។

កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។

ការអភិរក្សសត្វដំរីព្រៃអាស៊ី នៅកម្ពុជារយៈពេល១០ឆ្នាំ ត្រូវការថវិកា ៤០,៥លានដុល្លារ ដែលរំពឹងពីប្រភពរួមបញ្ចូលគ្នា

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ និងអង្គការផ្សេងៗទៀតដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យមានកំណើនចំនួនប្រភេទសត្វដំរីនេះនៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាពដើម្បីអ ភិរក្សសត្វដំរីអាស៊ី ឱ្យនៅគង់វង្សត្រូវបានរៀបចំឡើង សម្រាប់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៧ ក្នុងនោះរួមមានទី១៖ ការកាត់បន្ថយការបាត់បង់ទីជម្រក, ទី២៖អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ទី៣៖ ពង្រឹងការអនុវត្តច្បាប់, ទី៤៖ បង្ការមិនឱ្យមានការចា ប់ដំរីព្រៃមកចិញ្ចឹម, ទី៥៖ បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស និងទី៦៖ អប់រំផ្សព្វផ្សាយ ទី៧៖ សិក្សាស្រាវជ្រាវ និងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី។ តាមរយៈផែនការសកម្មភាពនេះគេឃើញដំរីចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់មួយចំនួនឡើងវិញ៕

ការអភិរក្សសត្វដំរីព្រៃអាស៊ី នៅកម្ពុជារយៈពេល១០ឆ្នាំ ត្រូវការថវិកា ៤០,៥លានដុល្លារ ដែលរំពឹងពីប្រភពរួមបញ្ចូលគ្នា