គ្រាន់តែពាក់ម៉ាស់ការពារមុខជិះឡាន មេប៉េអឹមខេត្តព្រះសីហនុ បញ្ជាឱ្យក្រៀកមកវាស់កម្ពស់សួរចម្លើយ ដោយពុំដឹងបទល្មើសអ្វី

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 29 ឧសភា 2021
គ្រាន់តែពាក់ម៉ាស់ការពារមុខជិះឡាន មេប៉េអឹមខេត្តព្រះសីហនុ បញ្ជាឱ្យក្រៀកមកវាស់កម្ពស់សួរចម្លើយ ដោយពុំដឹងបទល្មើសអ្វី

កើតឆ្ងល់ក្រោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ គ្រាន់តែគេពាក់ម៉ាសជិតមុខ ជិះរថយន្តតាមពីក្រោយ រថយន្តក្បួនរបស់ខ្លួន ក៏បញ្ជាឱ្យកូនចៅស្ទាក់ឡានឆែកឆេរ និងចាប់មនុស្សបញ្ជូលក្នុងរថយន្តយកទៅវាស់កម្ពស់ សួរចម្លើយភ្លាមដោយមិនដឹងបទល្មើសអ្វី នាំឱ្យសាធារណៈបានដឹងរឿងហួសចិត្តដោយគិតថា ជ្រុលម្លេះ។

លោក សិទ្ធិ កូសាំងស៊ីន ដែលជាមន្ត្រីគយចល័ត នៅខេត្តកោះកុង បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកគឺជាជនរងគ្រោះ ដោយសារការប្រើអំណាចទាំងបំពានច្បាប់ ដែលប្រព្រឹត្តដោយមេបញ្ជាការកងរាជអាវុធហត្ថខេតុ្តព្រះសីហនុ។

លោក សិទ្ធិ កូសាំងស៊ីន បានបញ្ជាក់ថា កាលពីរសៀលម៉ោង៣ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចផ្លូវជាតិលេខ៤ គីឡូលេខ១០៨ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ លោក ហេង ប៊ុនទី ដែលជាមេញ្ជាការកងរាជវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាឱ្យកូនចៅរបស់ខ្លួន មកស្ទាក់ឡានរបស់លោក និងឆែកឆេរក្នុងឡាន ហើយចាប់កៀកលោកបញ្ជូលក្នុងឡានសារ៉ែន យកទៅវាស់កម្ពស់ និងសួរចម្លើយ គ្រាដែលរូបលោកកំពុងធ្វើដំណើរទើបចេញពីផ្ទះនៅចម្ការ ទាំងលោកគ្មានបានប្រព្រឹត្តកំហុសអ្វីសោះ ដែលនាឱ្យប៉ះពាល់ដល់កិត្តយសរបស់លោកយ៉ាងខ្លាំង ខណៈដែលលោកគឺជាមន្ត្រីគយ មានលិខិតឧទ្ទេសនាមបេសកកម្ម ជាប់នឹងខ្លួនស្រាប់។

មន្ត្រីគយដដែលបញ្ជាក់ទៀតថា គ្រាដែលលោកកំពុងជាប់ក្នុងបន្ទប់សួរចម្លើយជាង៣ម៉ោង មានបុគ្គល២រូបដែលកំពុងទំនាក់ទំនងការងារជាមួយលោក និងរកស៊ីមានហ៊ុនជាមួយគ្នា ទី១.ឈ្មោះ ពិសី និងម្នាក់ទៀតឈ្មោះ ឃាង វុធពៅ ជាមន្ត្រីបរិស្ថាន បានប្រាប់លោកថា ពួកគេបានដកយកលុយរបស់លោកចំនួន៥០០០ដុល្លារ ជាថ្នូរនឹងការជួយសម្រួលឱ្យដោះលែងរូបលោកឱ្យមានសេរីភាពវិញ ដោយពេលនោះឈ្មោះ ពិសី បានប្រាប់លោកថា ប្រាក់៥០០០$នោះ គឺឈ្មោះ ឃាង វុធពៅ យកទៅដោះស្រាយជាមួយព្រះរាជអាជ្ញា និងថ្លៃរត់ការផ្សេងៗ។

ករណីនេះ ទើបលោកចាត់ទុកថា ការឃាត់ខ្លួនរបស់លោក គឺធ្វើឡើងដោយខុសច្បាប់ ក្នុងបំណងមិនល្អដើម្បីចង់បានប្រាក់របស់លោក ព្រោះរូបលោកមិនមានកំហុសអ្វី និងមិនមានបទល្មើសអ្វី ដែលត្រូវចាយលុយដើម្បី ធានាខ្លួននោះឡើយ បើសិនលោកមានកំហុស លោកព្រមទទួលខុសត្រូវចំពោះមុខច្បាប់ មិនគួរធ្វើរបៀបនេះឡើយ។ ម្យ៉ាងទៀតនរណាក៏ដឹងដែរថា លោក ឃាង វុធពៅ គឺជាបងធម៌ប្អូនធម៌យ៉ាងស្អិតរមួត ជាមួយលោក ហេង ប៊ុនទី មេប៉េអឹមខេត្តព្រះសីហនុ។ ហើយលោកក៏បានបង្ហាញលិខិតបេសកកម្មដឹងថាលោកជាមន្ត្រីគយរួចហើយ ហេតុអ្វីនៅតែចាប់លោកចូលឡានហាក់ដូចលោកជាឧក្រិដជនយ៉ាងដូច្នេះ។

ពាក់ព័ន្ធនឹងការលើកឡើងនេះលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យសារព័ត៌មានដឹងថា ករណីនេះមិនដូចអ្វីដែលលោកសិទ្ធិ កូសាំងស៊ីននិយាយទេជាមួយនឹងលិខិតប្រកាសព័ត៌មានច្បាប់របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានរៀបរាប់ថា អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារថា អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើការប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន ជ្រាបថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននាំខ្លួនបុគ្គល២រូប មកអង្គភាព ដើម្បីស្តាប់ចម្លើយតាមនីតិវិធី៖ ១-ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីគយ អង្គភាពសាខាគយ និងរដ្ឋាករខេត្តកោះកុង និង២-ឈ្មោះ ប៉ុន ឈុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ។ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីនាំខ្លួនបុគ្គល២រូបខាងលើនេះមកអង្គភាព ដើម្បីធ្វើការស្តាប់ចម្លើយ បានរាយការណ៍សុំការដឹកនាំ សម្របសម្រួលពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ដោយសារការស៊ើបង្កេតបន្ត មិនមានភាពចាំបាច់ក្នុងការឃាត់ខ្លួនបុគ្គលទាំង២រូប មន្ត្រីនគរបាលយុត្តិធម៌ ក៏បានសុំគោលការណ៍ដឹកនាំពី ឯកឧត្តម ព្រះរាជអាជ្ញា ដើម្បីអនុញ្ញាតឱ្យបុគ្គលទាំង២រូប វិលត្រឡប់ទៅលំនៅឋានវិញដោយធ្វើកិច្ចសន្យា។

កងរាជអាវុធហត្ថ សូមបដិសេធចំពោះការចោទប្រកាន់ថា ការឃាត់ខ្លួនបុគ្គលឈ្មោះ សិទ្ធិ កូសាំងស៊ីន ក្នុងគោលបំណងមិនល្អដើម្បីចង់បានប្រាក់របស់លោក។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន សាធារណជន និងបុគ្គលដែលពាក់ព័ន្ធមេត្តាជ្រាប។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៌ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថាសំណុំរឿងនេះ តាមការបំភ្លឺរបស់មេបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ គឺការឃាត់ខ្លួនមន្ត្រីគយខាងលើគឺធ្វើឡើងដោយសារមន្ត្រីគយរូបនោះ ជិះរថយន្តតាមក្រោយរថយន្ត របស់កម្លាំងកងរាជអាវុធហត្ថដោយមានពាក់ម៉ាស់បិទមុខជិតដូចនិនចា ទើបធ្វើឱ្យមេប៉េអឹមនាំខ្លួនទៅសួរនាំ។ អ្នកនាំពាក្យដដែលមិនបានបញ្ជាក់ថា ការពាក់ម៉ាសបិទមុខជិតបែបនេះខុសនឹងច្បាប់ឬក៏យ៉ាងណាទេ។

យ៉ាងណាក៏ដោយ លោក សិទ្ធិ កូសាំងស៊ីន ដែលជាមន្ត្រីគយ ត្រូវអាវុធហត្ថចាប់ខ្លួន បានបញ្ជាក់ប្រាប់ចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័នថា ការពាក់ម៉ាសបិទមុខរបស់លោក គឺក្នុងគោលបំណងការពារកម្តៅថ្ងៃ និងស្ថានភាពកូវីដ១៩ ព្រោះលោកទើបតែចេញពីចម្ការរបស់ខ្លួនជិះរថយន្តតាមផ្លូវគាប់ជួនជួបនឹងឡានរបស់មេប៉េអឹមខេត្ត ដែលមានក្បួនឡានល្បាត និងមានកម្លាំងប្រដាប់អាវុធជាច្រើននាក់។ លោកថាលោកមិនមានបំណង តាមធ្វើឃាត់មេបញ្ជាការប៉េអឹម ដូចលោក ហេង ប៊ុនទី រាយការណ៍ប្រាប់គេឯងឡើយ ព្រោះក្នុងរថយន្តរបស់លោកគឺគ្មានអាវុធ និងសម្ភារៈអ្វីគួរឱ្យគ្រោះថ្នាក់ មានតែមនុស្ស២នាក់តែប៉ុណ្ណោះ ហើយលោកក៏ចាស់មានជំងឺថែមទៀត ធ្វើយ៉ាងម៉េចទើបអាចបង្កគ្រោះថ្នាក់ដល់ មេបញ្ជាការប៉េអឹមបាន ព្រោះកម្លាំងកូនចៅរបស់គាត់នៅជាមួយមេពេញក្នុងឡាន។ ម៉្យាងទៀត តើមានហេតុផលអ្វីទើបធ្វើឱ្យលោក ហេង ប៊ុនទី ដែលជាមេញ្ជាការ ភ័យខ្លាចដល់ថ្នាក់នេះ បើសិនជារូបលោកជាមនុស្សល្អនោះ គ្មាននរណាតាមព្យាបាទនោះទេ។

ករណីនេះលោកបានសំណូមពរដល់ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយមានវិធានការ និងពិនិត្យលើករណីនេះ ដើម្បីផ្តល់ភាពស្អាតស្អំជូនរូបគាត់ផងពិសេសគឺពិនិត្យលើកិច្ចការអនុវត្តច្បាប់ របស់លោក ហេង ប៊ុនទី ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកុំឱ្យមានការប្រើអំណាចបំពានលើអ្នកដ៏ទៃតាមអំពើចិត្តបែបនេះ៕