សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈ ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំងជាឧត្ដមទីប្រឹក្សា-ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជចំនួន២១រូប និងចែកអំណោយដល់ពលរដ្ឋចំនួន៥០០គ្រួសារ នៅវត្តអង្គភ្នំតូច ស្រុកអង្គជ័យ ខេត្តកំពត នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម វុិត វឌ្ឍនា អភិបាលរងខេត្តកំពត បានទូលថ្វាយ និងជម្រាបជូនអំពីការរីកចម្រើនវិស័យសាសនាក្រោមការដឹកនាំដោយប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន ដែលផ្នែកពុទ្ធសាសនានេះបានដើរតួនាទីរួមចំណែកក្នុងការកសាងសង្គមប្រកបដោយសីលធម៌ ចរិយាធម៌ សុជីវធម៌ និងសុខដុមនីយកម្ម។
នៅគ្រានោះដែរ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សព្វព្រះហឫទ័យព្រះរាជទានអំណោយជូនលោកតា លោកយាយ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០០គ្រួសារ ក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គីឡូ មី ១កេស និងថវិកា ២មុឺនរៀល។
ព្រមទាំងបានប្រគេនបច្ច័យជាអំណោយរបស់លោកឧកញ៉ាអនាថបិណ្ឌិកសេដ្ឋី ម៉ម វណ្ណឌី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភ និងលោកជំទាវ ទៀង ផល្លា ដល់ព្រះសង្ឃចំនួន១០វត្ត ជូនថវិការដល់អជ្ញាធរស្រុកនិងចែកជូនដល់អ្នកចូលរួមទាំងអស់ផងដែរ៕