ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្នុងស្ថានភាពកូវិដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេស ពួកគាត់នាំគ្នាស៉ីឈ្នួលបេះទងផ្លែម្ទេសឱ្យក្រុមហ៊ុនផលិតទឹកម្ទេស ក្នុងមួយថ្ងៃអាចរកចំណូលបាន២៥០០០រៀល សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
ស្ត្រីឈ្មោះ សំណាង បានឱ្យដឹងថា ក្នុងមួយថ្ងៃពួកគាត់មានគ្នា៥នាក់ ធ្វើការបេះទងផ្លែម្ទេសនេះប្រមាណជា ១៤ម៉ោង ចាប់តាំងពីព្រឹករហូតដល់ម៉ោង ១០យប់ អាចបេះបានចំនួន ១០០គីឡូ ដែលក្នុង ១ថង់ ១០គីឡូក្រុមហ៊ុនឱ្យកម្រៃ ២៥០០០រៀល។ហើយការងារនេះធ្វើបានតែក្នុងរដូវមានផ្លែម្ទេស២ទៅ៣ខែប៉ុណ្ណោះដែលទើបតែមានរយៈពេល២ឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីមានក្រុមហ៊ុនឯកជនមួយបានមកដាក់ទីតាំងផលិតទឹកម្ទេស នៅក្នុងស្រុក។
ស្ត្រីឈ្មោះ សំណាង បានបន្តឱ្យដឹងទៀតថា ការងារនេះថ្វីត្បិតមិនទទួលប្រាក់កម្រៃបានខ្ពស់ ក៏អាចទទួលបានប្រាក់ចំណូលខ្លះជួយដល់ជីវភាពមួយចំណែកដែរ បើយើងមិនធ្វើក៏មានអ្នកផ្សេងគេធ្វើ ដូច្នេះក្នុងស្ថានកូវីដដែលមិនអាចធ្វើដំណើរទៅណាបានឆ្ងាយក៏ឆ្លៀតជាជាងអត់ការងារ អត់ចំណូល។
សូមបញ្ជាក់ថា ផ្លែម្ទេសទាំងនេះគឺក្រុមហ៊ុនប្រមូលទិញពីចម្ការនៅតំបន់មាត់ទន្លេតាមបណ្ដាស្រុកខេត្តមួយចំនួនហើយដឹកយកមកប្រគល់ឱ្យពួកគាត់ជាអ្នកបេះទងចេញ ហើយច្រកដាក់ក្នុងមួយថង់ ១០គីឡូ រួចទើបខាងក្រុមហ៊ុនមកដឹកយកទៅវិញ ដើម្បីកិនធ្វើជាទឹកម្ទេសច្រកដប លក់ចែកចាយនៅក្នុងស្រុក និងតាមបណ្តាខេត្តផ្សេងៗ។
ដោយឡែកក្រៅពីមុខរបរនេះអ្នកភូមិដែលមិនចំណាកស្រុក ក៏រកចំណូលតាមរយៈការកាប់អុសលក់ ដាំដុះដំណាំបន្ទាប់បន្សំ ចិញ្ចឹមសត្វ និងធ្វើស្រែចំការ នៅក្នុងស្រុកសាមអគ្គីមានជ័យនេះ៕