
ប្រជាជនឥណ្ឌារត់ជាន់គ្នាជាថ្មីទៀតអំឡុងពិធីបុណ្យ “ងូតទឹកលាងបាប” Maha Kumbh Mela បន្ទាប់ពីលើកមុនបានបណ្តាលឱ្យមនុស្សស្លាប់ ៣៩នាក់។ ករណីនេះបានកើតឡើងក្នុងតំបន់ Jhusi ដដែលនៃរដ្ឋ Uttar Pradesh ដោយបានសម្លាប់មនុស្សចំនួន ០៧នាក់ទៀត មានទាំងកុមារម្នាក់។

ប៉ូលីសក្នុងមូលដ្ឋាននោះគឺលោក Rudra Kumar Singh បានឱ្យអ្នកសារព័ត៌មានដឹងថា គ្រោះថ្នាក់នេះដោយសារមនុស្សបាននាំគ្នាសម្រុកទៅកាន់ Sangam ដែលជាទីប្រសព្វនៃទន្លេទាំង៣ មានដូចជាគង្គា យ៉ាមូណានិង សារ៉ាស្វាទី ដើម្បីមុជទឹកលាងបាប គ្រាដែលមានហ្វូងមនុស្សយ៉ាងច្រើនស្អេកស្កះ។

សូមរម្លឹកថា ពិធីបុណ្យ Kumbh Mela ត្រូវបានរៀបចំឡើងរៀងរាល់ ១២ឆ្នាំម្តងនៅ Sangam ដែលអ្នកកាន់សាសនាហិណ្ឌូជឿថា ការងូតនៅក្នុងទឹកពិសិដ្ឋ នឹងអាចលាងជម្រះអំពើបាបរបស់ពួកគេ ហើយជួយឱ្យទទួលបានសេចក្ដីអនុគ្រោះពីព្រះ៕
