លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានបំណុលឯកជនសរុបជាង ៥៧ពាន់លានដុល្លារ ដែលកំពុងប្រើប្រាស់ដោយប្រជាពលរដ្ឋប្រមាណ៥លាននាក់។ កម្រិតបំណុលក្នុងទំហំនេះស្មើនឹង១៣៥% នៃទំហំផលិតផលក្នុងស្រុករបស់កម្ពុជា។
លោកបណ្ឌិតថា ក្រោយកំណត់ឆ្នាំគោលថ្មីគឺកម្រិតបំណុលគឺស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងមិនបង្ករជាបញ្ហាប្រឈមនោះទេ ខណៈដែលបំណុលនៅលើពិភពលោក គឺមានចំនួនប្រមាណ១៤៦% នៃ GDP របស់ពិភពលោក។
ក្នុងនោះបំណុលរបស់កម្ពុជា ភាគច្រើនជាកម្ចីលក្ខណៈបុគ្គល ដែលមានទំហំដល់ទៅ ៥០ពាន់លានដុល្លារ ខណៈកម្ចីសម្រាប់អាជីវកម្មមានទំហំ ៧ពាន់លានដុល្លារប៉ុណ្ណោះ។ សម្រាប់បំណុលដែលសង់យឺតលើសពី៣០ថ្ងៃ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា គឺមានចំនួន៧,៥% និងសងយឺតលើសពី៩០ថ្ងៃ មានជិត៦%៕