
ប្រព័ន្ធវិសម្ពាធទាប បានពង្រឹងខ្លួនក្លាយទៅជាព្យុះមួយដែលមានកម្លាំងខ្យល់បក់ក្នុងល្បឿនអតិបរមា ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយការព្យាករណ៍នឹងវាយប្រហារខេត្ត Quang Tri នៅល្ងាចថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញា ខណៈប្រជាពលរដ្ឋកំពុងត្រៀមខ្លួន រីឯព្រលានយន្តហោះនៅខេត្ត Quang Binh ឯណោះ ក៏ផ្អាកការហោះហើរជាបណ្តោះអាសន្នដែរ។ នេះបើតាមការចុះផ្សាយរបស់ VN Express

មជ្ឈមណ្ឌលព្យាករធនធានជលសាស្ត្រវៀតណាម បាននិយាយថា នៅវេលាម៉ោង៤ទៀបភ្លឺ, ចំណុចកណ្តាលរបស់ព្យុះនេះ ស្ថិតនៅចម្ងាយ២១០គីឡូម៉ែត្រពីទីក្រុង Da Nang និងប្រហែល២៦០គីឡូម៉ែត្រពីខេត្ត Quang Tri ដែលបណ្តាលឲ្យមានខ្យល់បក់ខ្លាំង ហើយព្យុះវាយប្រហារនៅល្ងាចនេះតែម្តង។

ជុះវិញបញ្ហានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានសម្រេចផ្អាកជើងហោះហើរជាបណ្តោះអាសន្ននៅអាកាសយានដ្ឋាន Dong Hoi ចាប់ពីម៉ោង៣រសៀល ដល់ម៉ោង១០យប់ ថ្ងៃទី១៩ កញ្ញា ដើម្បីចៀសវាងព្យុះ៕
