ពលរដ្ឋ ១៥នាក់ សង្ស័យពុលភ្លាសាច់គោឆៅកាលវេលាម៉ោង២១ យប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។ បច្ចុប្បន្ន អ្នកជំងឺបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំកុកចំនួន ០៥នាក់ និងមណ្ឌលសុខភាពអូរជុំចំនួន ០៥នាក់។
តាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តរតនគិរី បានឱ្យដឹងថា ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៣ៈ០០រសៀល ជនរងគ្រោះទាំង ១៥នាក់បាននៅកំដរបុណ្យសពអ្នកភូមិខាងលើហើយធ្វើសាច់គោភ្លាឆៅដើម្បីបរិភោគ។ លុះដល់ម៉ោងប្រហែល១៦ សៀលស្រាប់តែមានអាការៈមិនស្រួលខ្លួន រាក ក្អូត និងឈឺក្បាលហើយក៏នាំគ្នាចូលមកសម្រាកនៅមណ្ឌលសុខភាព។
ដើម្បីដឹងច្បាស់ក្រុមការងារជំនាញបានប្រមូលសំណាកម្ហូបអាហារដែលនៅសេសសល់ពីការបរិភោគរបស់អ្នកជំងឺដើម្បីយកមកធ្វើតេស្ត វិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ៕