ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ចុះកិច្ចសហការគ្នាជាមួយក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ជាផ្លូវការកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០២៤ ដើម្បីជួយលើកកម្ពស់ទីផ្សារបន្លែធម្មជាតិរបស់ខ្មែរ និងរួមចំណែកលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេសអ្នកលើកឡើងថា “ជំហ៊ានថ្មីលើវិស័យកសិកម្មបន្លែធម្មជាតិ ដើម្បីបំពេញតម្រូវការក្នុងស្រុក កាត់ បន្ថយការនាំចូល និងអាចជួយដល់កសិករក្នុងការដាំបន្លែប្រកបដោយសុវត្តិភាព និងទិន្នផលខ្ពស់។ ជាមួយកិច្ចសហការរវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ និង ក្រុមហ៊ុនយ៉ាម៉ាតុហ្រ្គីន ជាផ្លូវការក្នុងថ្ងៃនេះ យើងសង្ឃឹមយ៉ាងមុតមាំថា យ៉ាម៉ាតុហ្រ្គីន នឹងនាំមកនូវបច្ចេកវិទ្យា ចំណេះដឹងក្នុងការដាំដុះ និងការគ្រប់គ្រងគុណភាពជាមួយការដឹកជញ្ជូនដ៏សម្បូរបែបជូនទៅដល់អតិថិជន និងបញ្ជូនទៅដល់ទីតាំងរបស់អតិថិជនជាមួយរថយន្តត្រជាក់ ដែលធានាបាននូវគុណភាពបន្លែក្នុងពេលឆាប់ៗនេះ”។
អ្នកឧកញ៉ា សួរ វីរៈ បានបន្ថែមថា អតិថិជនដែលស្រលាញ់សុខភាពអាចកម្ម៉ង់បន្លែធម្មជាតិផ្ទាល់ ពី ក្រុមហ៊ុន វីរៈ ប៊ុនថាំ និងស្វែងរកគ្រប់ទីតាំងផ្សារទំនើប និងផ្សារបន្លែធម្មជាតិនានាទូទាំងប្រទេសកម្ពុជា។
សូមរម្លឹកថា អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានកំពុងតែធ្វើការងាររួមគ្នាជាមួយបងប្អូនប្រជាសហគមដាំបន្លែ នៅភូមិត្រពាំងចក ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាម្ចាស់ផ្ទះសំណាញ់ដាំបន្លែ Green House ប្រមាណជាង ៤០០នាក់ ដើម្បីជួយរកប្រភពបញ្ហា និងដំណោះស្រាយជូនពួកគាត់ ហើយនឹងដាក់ចេញនូវផែនការសកម្មភាពមួយចំនួដើម្បីជាក្ដីសង្ឃឹមថ្មីជូនអ្នកដាំបន្លែ៕