មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស លោក Mike Lynch និងកូនស្រីអាយុ១៨ឆ្នាំ និងមនុស្ស៤នាក់ផ្សេងទៀតបានបាត់ខ្លួនបន្ទាប់ពីកប៉ាល់ដ៏ទំនើបប្រណីតរបស់ពួកគេ បានលិច ពេល ជួប ព្យុះនៅឯទីក្រុង Sicily ប្រទេសអ៊ីតាលីកាលពីព្រឹកថ្ងៃចន្ទ ខណៈប្រពន្ធរបស់ លោក Lynch និងមនុស្ស១៤នាក់ផ្សេងទៀតបានរួចជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃតី២០ខែសីហានេះ
របាយការណ៍ បានឱ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាចក្រភពអង់គ្លេសលោក Mike Lynch ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន បន្ទាប់ពីកប៉ាល់របស់លោក បាន ចាក ចេញពីកំពង់ផែ Porticello និងត្រូវបានក្រឡាប់ បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងបានវាយប្រហារតំបន់នោះ។ ក្រុមអ្នកជួយសង្គ្រោះរកឃើញសាកសពមនុស្សម្នាក់ ខណៈអ្នកមុជទឹកបានចំណាយពេលមួយថ្ងៃដើម្បីទៅដល់កប៉ាល់ដែលកំពុងលិចនៅជម្រៅ៥០ម៉ែត្រ ស្របពេលដែលលក្ខខណ្ឌអាកាសធាតុកាន់តែអាក្រក់ទៅៗ។
ឆ្មាំឆ្នេរសមុទ្រអ៊ីតាលី បានឲ្យដឹងថា កប៉ាល់នេះមាននាវិកចំនួន១០នាក់ និងអ្នកដំណើរ១២នាក់។ វាបានក្រឡាប់ចំពេលដែលខ្យល់ព្យុះដ៏មាន ឥទ្ធិពល មួយបានវាយលុកតំបន់នោះពេញមួយយប់ និងចំកន្លែងដែលកប៉ាល់ Bayesian ដែលមានទង់ជាតិអង់គ្លេសប្រវែង៥៦ម៉ែត្រ ចតនៅទីនោះ ខណៈកប៉ាល់ធំមួយទៀតនៅក្បែរនោះគឺ Sir Robert Baden Powell មិនមានការខូចខាតធ្ងន់ធ្ងរនោះទេ ដោយមនុស្ស១៥នាក់ត្រូវបានជួយសង្គ្រោះរួមទាំងភរិយារបស់ Lynch គឺលោកស្រី Angela Bacares៕