ក្រុមអ្នករៀបដីឱ្យចិនបើកលុយបានជាង៧លានដុល្លារ អត់ឱ្យលុយម្ចាស់ដី ៦៣គ្រួសារ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 29 កក្កដា 2024
ក្រុមអ្នករៀបដីឱ្យចិនបើកលុយបានជាង៧លានដុល្លារ អត់ឱ្យលុយម្ចាស់ដី ៦៣គ្រួសារ

ក្រុមអ្នករៀបដីឱ្យថៅកែចិនដើម្បីសាងសង់រោងចក្រ  ម្ខាងដើរតួជាអ្នករៀបដី ម្ខាងទៀតដើរតួជាអ្នកទិញដីទំហំជាង ៣០ហិកតាពីអ្នកភូមិរស់នៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  កំពុងតែចោទគ្នាទៅវិញទៅមកថាមិនស្មោះត្រង់រឿងយកលុយចិនមកអស់ហើយ តែកឹបកេងគ្នាឯងមិនទាន់ឱ្យលុយពលរដ្ឋជាង៦០គ្រួសារ ។

សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា បុគ្គលលោក អ៊ឹម សុជាតិ ជាអ្នករៀបចំដី លោក អ៉ឹម លាងអេង ជាអ្នកទទួលទិញក្នុងទំហំជាង ៣០ហិកតាពីពលរដ្ឋរាប់សិបគ្រួសារដោយឱ្យលុយតាមដំណាក់កាលតែអស់រយៈពេល២ឆ្នាំមកហើយ ឱ្យលុយម្ចាស់ដីមិនទាន់គ្រប់ ខ្លះនៅសល់ជាងពីរម៉ឺនដុល្លារ ខ្លះទៀតក៏តិចនិងច្រើនជាងនេះទៅតាមទំហំដីរបស់ពួកគាត់ រហូតមានការលើកគ្នាតវ៉ាជាច្រើនលើកច្រើនសាសូមអន្តរាគមន៍ពីថ្នាក់ដឹកនាំផងទៀត។

ក្រុមអ្នករៀបដីឱ្យចិនបើកលុយបានជាង៧លានដុល្លារ អត់ឱ្យលុយម្ចាស់ដី ៦៣គ្រួសារ

ទាក់ទងរឿងដែលធ្វើឱ្យអ្នកនិយោគអាក់អន់ស្រពន់ចិត្ត និងអ្នកភូមិកើតទុក្ខនេះលោក អ៊ឹម សុជាតិ ជាអ្នករៀបចំប្រមូលទិញដីពីអ្នកភូមិបានឱ្យ 1Post ដឹងថា ការខកខានមិនបានឱ្យលុយពលរដ្ឋគ្រប់ ដោយសារតែលោក អ៉ី លាងអេង ដើរតួជាអ្នកទិញដីបើកលុយពីថៅកែចិនមកអស់យូរហើយ តែមិនបើកឱ្យបានលឿននិងមិនគ្រប់ចំនួនជាង ៧លានដុល្លារតាមកុងត្រានោះទេ គ្រាដែលឃើញលោកលាងអេង សង់ផ្ទះធំស្កឹមស្កៃហ៊ឺហាហ៊ឹកហ៊ាក់។ 

លោក អ៊ឹម សុជាតិ បន្តឱ្យដឹងថា កិច្ចសន្យាទទួលប្រាក់ឱ្យផ្ដិតមេដៃមុន ហើយទម្លាក់លុយមកយឺតមិនគ្រប់តាមកិច្ចសន្យាទទួលលុយ ពេលខ្លះក៏ដកកុំមីស្សុងនិងខ្ជីត្រឡប់ទៅវិញថែមទៀត។ ដល់តែចុងក្រោយក្នុងលិខិតទទួលប្រាក់ចំនួនជាង ៦លានបីម៉ឺនដុល្លារ តែលុយទទួលបានពិតប្រាកដតែជាង ៤លានដុល្លារប៉ុណ្ណោះ ហើយសាច់ប្រាក់នៅសល់ចុងក្រោយជាង១លានដុល្លារទៀតលោក លាងអេង មិនទាន់បើកឱ្យនៅឡើយ។

ក្រុមអ្នករៀបដីឱ្យចិនបើកលុយបានជាង៧លានដុល្លារ អត់ឱ្យលុយម្ចាស់ដី ៦៣គ្រួសារ

នៅក្នុងកិច្ចសន្យានោះភាគីលោក អ៊ឹម សុជាតិ ជាអ្នករៀបដីនិងចាក់បំពេញដី ក៏បានធ្វើកុងត្រាជាមួយក្រុមហ៊ុនមួយផ្សេងទៀតដើម្បីចាក់អាចម៌ដីបំពេញ។ ពេលដែលក្រុមហ៊ុនចាក់ដីធ្វើសកម្មភាពចាក់ដីបានជាច្រើនហើយ បែជាលោក លាងអេង បង្កភាពយឺតយាវទម្លាក់លុយឱ្យលោក អ៊ឹម សុជាតិ សម្រាប់ធ្វើការទូទាត់ ធ្វើឱ្យការចាក់ដីរអាក់រអួល។ ហើយបែជាចេញលិខិតមេធាវីមកឱ្យភាគីលោក អ៊ឹម សុជាតិ ពន្លឿនការចាក់ដី និងទិញដីសល់១ប័ណ្ណចុងក្រោយក្នុងគម្រោងឱ្យបានលឿនតាមពេលវេលាដែលបានកំណត់ បើពុំដូចច្នោះ នឹងកាត់លុយនៃការទូទាត់ដំណាក់កាលចុងក្រោយ ២០%  តែធាតុពិតលោក លាងអេង មិនទម្លាក់លុយមកទាន់ពេល តើឱ្យដំណើរការងារតាមការកំណត់ដូចក្នុងលិខិតជូនដំណឹងរបស់មេធាវីម្ដេចកើត? ហើយការចាក់ដីនេះទាំងភាគីក្រុមហ៊ុនអ្នកម៉ៅការចាក់ និងភាគីលោក អ៊ឹម សុជាតិ ថាបានខាតបង់មិនចំណេញ។ រហូតថៅកែចិនមានទឹកចិត្តជួយចេញ ២០ម៉ឺនម៉ែត្រគីបស្មើនឹងលុយ ៥០ម៉ឺនដុល្លារ តើភាគីលោក លាង អេង យកទៅចាត់ចែងដោយស្មោះត្រង់ដែរឬទេ?។ ហើយលោកលាងអេង បែជាទាក់ទងក្រុមហ៊ុនផ្សេងមកចាក់បំពេញជំនួសវិញ ទំនងជាចង់បានកុំមីស្សុងតើការយ៉ាងណា?។

ក្រុមអ្នករៀបដីឱ្យចិនបើកលុយបានជាង៧លានដុល្លារ អត់ឱ្យលុយម្ចាស់ដី ៦៣គ្រួសារ

ចំណែកលោក អ៉ី លាងអេង បានឱ្យ 1Post ដឹងថា ការលើកឡើងរបស់លោក អ៊ឹម សុជាតិ ជាការកុហក។ ចំពោះការបើកលុយពុំមានការយឺតយាវទេ ហើយគ្រប់ចំនួនដូចដែលបានផ្ដិតមេដៃទទួល ។ សម្លេង

បើតាមប្រភព 1Post ទទួលបានឱ្យដឹងថា ក្នុងចំណោមភាគីទាំងនោះ មានភាគីម្ខាងកំពុងឡេមឡើមយកសាច់គោ៥ដុំទៅសែនអ្នកតារងម្នាក់ដែលជាម្ចាស់ទឹកម្ចាស់ដីកុំឱ្យកាច់ ព្រោះលោភចំណីពេកខ្លាចឈឺពោះ។ ហើយក៏កំពុងដើរសែនអ្នកតាផ្សេងៗទៀតដើម្បីសុំសេចក្ដីសុខ លើគំនរទុក្ខប្រជាពលរដ្ឋ។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមសាកសួរ និងរង់ចាំការបញ្ជាក់ពីអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕