រយៈពេលចុងក្រោយនេះក្រុមលោក តាន់ គឹមសួរ ដែលជាអ្នកឈឺឆ្អាលរឿងព្រៃឈើនៅតំបន់ឱរ៉ាល់ បានប្រទះឃើញបទល្មើសកាត់ឈើប្រណិតប្រភេទរាជកុល ឬ ឈើម្រេញធំៗមានអាយុកាលរាប់រយឆ្នាំជាច្រើនដើមនៅតំបន់រមាំងស ឃុំជាំ តំបន់វាលក្រិច ភូមិសំរោង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រភពដំណឹងបានឱ្យដឹងថា ក្រោយរកឃើញនេះពួកគេរាយការណ៍ទៅមន្ត្រីជំនាញបរិស្ថាន សមត្ថកិច្ច អាជ្ញាធរ ដើម្បីជ្រាប នាំឱ្យគេកើតឆ្ងល់ថា ម្ដេចបទល្មើសអាចកើតមានបានដោយមិនញញើតអស់លោកអាជ្ញាធរស្រុក ជំនាញបរិស្ថាន សមត្ថកិច្ចនៅមូលដ្ឋាននោះ ចុះបើក្រុមលោក តាន់ គឹមសួរ មិនប្រទះឃើញ ឈើនេះនឹងបំបាំងខ្លួនហោះចេញពីស្រុកឱរ៉ាល់ឬយ៉ាងណា? បច្ចុប្បន្នឈើទាំងនោះត្រូវបានសមត្ថកិច្ចធ្វើការដឹកជញ្ជូនទៅរក្សាទុកនៅស្នាក់ការមន្ត្រីជំនាញហើយ។
ទាក់ទងសកម្មភាពនេះលោក ហ៊ុល ម៉ារ៉ា នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា ឈើទាំងនោះបានបញ្ជូនទៅរក្សាទុក ហើយបញ្ជូនសំណុំរឿងទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី ហើយកំពុងស្រាវជ្រាវរកជនល្មើស។ ដែលការលើកឡើងបែបនេះហាក់ដូចជាមិនខុសពីសព្វដង ក្រោយបែកធ្លាយរឿងបទល្មើសដែលអ្នកផ្សេងក្រៅពីជំនាញបរិស្ថានបានរកឃើញនោះទេ។ ពោលឈើប្រណិតខ្នាតយក្សនេះអ្នកផ្សេងក្រៅពីឧទ្យានរក្សបរិស្ថាន បានប្រទះឃើញនិងរាយការណ៍ទម្លាយឱ្យដឹងញឹកញាប់មកហើយ។
ប្រភពសូមមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា មិនពិបាក់ទេក្នុងការរកមេខ្លោងនិងអ្នកគប់គិត ព្រោះដុំឈើនៅលើគោកប៉ុនៗដំរី ប្រើគ្រឿងយន្តធន់ធ្ងន់ទើបកាត់ ទើបលើកដាក់បានផងទៀត មិនជារបស់ងាយបិទបាំងឡើយ តែរឿងហាក់ចម្លែកនិងអស់សំណើច មេខ្លោងនិងអ្នកគប់គិតទាំងនោះជាអ្នកណា សំណួរនេះទុកឱ្យអ្នកទស្សនា អ្នកស្ដាប់ ពិសេសអ្នកស្រុកឱរ៉ាល់លោកជួយពិចារណា និងជួយឆ្លើយ។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕