នៅថ្ងៃ ២២-២៣ មករា ២០២៤ អគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ចំណុះក្រសួងព័ត៌មាននឹងធ្វើបទបង្ហាញពីលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក។
នៅក្នុងនោះបើគ្មានអ្វីប្រែប្រួលទេឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងចូលរួមបើកជាផ្លូវការអង្គសន្និបាតនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ រីឯនៅរសៀលថ្ងៃទី២៣ ខែមករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមជាអធិបតីភាពក្នុងពិធីបិទសន្និបាត។
សូមបញ្ជាក់ថា អគ្គនាយកនៃអគ្គនាយកដ្ឋានទាំង ៥ ដែលត្រៀមធ្វើបទបង្ហាញនោះរួមមានអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, អគ្គនាយកដ្ឋានវិទ្យុជាតិ, អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាឱ្យកាន់ តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕