ប្រជានេសាទបារម្ភរឿងសាឡង់ធំៗចូលទៅបូមខ្សាច់សមុទ្រនៅពេលយប់ក្នុងដែនសហគមន៍នេសាទស្រុកស្រែអំបិល

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 28 ធ្នូ 2023
ប្រជានេសាទបារម្ភរឿងសាឡង់ធំៗចូលទៅបូមខ្សាច់សមុទ្រនៅពេលយប់ក្នុងដែនសហគមន៍នេសាទស្រុកស្រែអំបិល

សេចក្ដីរាយការណ៍មកថា មានសកម្មភាពបូមខ្សាច់ដាក់សាឡង់ធំៗចំនួនពីរគ្រឿង ដោយចាប់ផ្ដើមជារៀងរាល់ពាក់កណ្ដាលអាធ្រាតរហូតដល់ភ្លឺ បន្ទាប់ពីបូមពេញសាឡង់ ពួកគេបបើកចេញទៅសមុទ្រខាងក្រៅបានយ៉ាងរលូនដោយគ្មានអាជ្ញាធរ ឬ មន្ត្រីជំនាញពាក់ព័ន្ធចុះបង្ក្រាប គ្រាដែលសកម្មភាពនោះបានកំពុងធ្វើឱ្យប៉ះពាល់ដល់ផលនេសាទ បំផ្លាញជម្រកជីវចម្រុះ និងបាត់ចំណូលស៊ុយសាថវិកាចូលជាតិ។

ទីតាំងបូមខ្សាច់នោះស្ថិតនៅត្រង់ចំណុចបង្គោលឃ្លងទី២ មុខព្រែកចំបក់មាត់ពាមស្រែអំបិលក្នុងដែនសហគមន័ឆ្នេរសមុទ្រកោះខ្យង និងសហគមន័តំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រជានេសាទបារម្ភរឿងសាឡង់ធំៗចូលទៅបូមខ្សាច់សមុទ្រនៅពេលយប់ក្នុងដែនសហគមន៍នេសាទស្រុកស្រែអំបិល

ទាក់ទងសកម្មភាពនេះលោក ពេជ្រ ស៊ីយ៉ុន ប្រធានមន្ទាយរ៉ែ និងថាមពល ខេត្តកោះកុង បានឱ្យដឹងថា លោកអត់បានដឹងទេចាំឱ្យមន្ត្រីចុះទៅពិនិត្យមើល លោកថាបើមានឃើញបូមពេលថ្ងៃនឹងចុះទៅចាត់វិធានការទាំងថ្ងៃ បើបូមយប់នឹងមានវិធានការផ្សេងទៀត។ សម្លេង

ចំណែកលោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល មិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីក្រុមការងារយើងបានផ្ញើសារសំណួរនិងរូបភាពវីដេអូទៅកាន់តេឡេក្រាមរបស់លោក។

ដោយឡែកប្រភពដំណឹងបង្ហើបឱ្យដឹងថា សាឡង់ដែលបូមខ្សាច់នោះជារបស់ក្រុមហ៊ុមហ៊ុនឡេជិន តែក្រុមការងារយើងមិនអាចទំនាក់ទំនងសុំការបញ្ជាក់បាននៅឡើយ។

ប្រជានេសាទបារម្ភរឿងសាឡង់ធំៗចូលទៅបូមខ្សាច់សមុទ្រនៅពេលយប់ក្នុងដែនសហគមន៍នេសាទស្រុកស្រែអំបិល

ទោះយ៉ាងក្ដីប្រជានេសាទក្នុងតំបន់សហគមន៍ បានខ្សឹបខ្សៀវមកថា សកម្មភាពខាងលើទំនងជាគេត្រូវរូវគ្នាហើយមើលទៅ ទើបជាធ្វើទៅបានយ៉ាងរលូននៅក្នុងដែនសហគមន៍បែបនេះ ដោយមិនគិតពីផលប៉ះពាល់ដល់ជីវភាពពលរដ្ឋដែលពឹងអាស្រ័យលើផលនេសាទ និងស្នើទៅដល់អ្នកមានសមត្ថកិច្ច មេត្តាចុះពិនិត្យមើលផង ពិសេសមន្ត្រីជំនាញដែលពាក់ព័ន្ធ។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងបន្តព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ SP