សេដ្ឋកិច្ចវិទូថៃបានព្យាករណ៍ថា សេដ្ឋកិច្ចថៃទំនងជាមានការកើនឡើងខ្ពស់ជាងការរំពឹងទុក នាត្រីមាសទី៣ ខណៈវាក៏អាចជាការងើបឡើងយ៉ាងឆាប់រហ័សបំផុតប្រចាំឆ្នាំ ដោយសារតែ តម្រូវការនាំចេញកំពុងត្រូវប៉ាន់ ស្របពេលវិស័យទេសចរណ៍ក៏មានសន្ទុះផងដែរ។ នេះបើការចុះផ្សាយពី Reuters ថា សេដ្ឋកិច្ចថៃនាត្រីមាសទី៣ អាចនឹងកើនឡើងរហូតដល់ ២,៤% ខ្ពស់ជាងការសន្និដ្ឋានកាលពីត្រីមាសមុន ដែលមានត្រឹម ១,៨%។
លោក Eugene Tan សេដ្ឋកិច្ចវិទូពីវិទ្យាស្ថាន Moody’s Analytics បានថ្លែងថា ជាការគម្គាល់នៅក្នុងត្រីមាសទី៣ ការនាំចេញរបស់ថៃមានការងើបឡើង ជាពិសេសលើទំនិញកសិកម្ម យានយន្ត និងផលិតផលឥន្ធនៈនានា។ ដូច្នេះហើយពួកយើងហ៊ានសន្និដ្ឋានថា សេដ្ឋកិច្ចថៃនឹងមានសញ្ញាណល្អ។
ជាមួយគ្នា វិស័យទេសចរណ៍នៅប្រទេសថៃ ក៏កំពុងមានសន្ទុះយ៉ាងល្អផងដែរ ដែលធ្វើឲ្យ វិស័យលក់រាយនៅក្នុងស្រុក មានកំណើនល្អឡើងវិញ និងជួយដល់សេដ្ឋកិច្ចជាតិបានមួយកម្រិតបន្ថែមទៀត៕