ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានសេចក្ដីសម្រេចលេខ ៤៦៨៦ ស្ដីពីការផ្អាកជាបណ្តោះអាសន្នសកម្មភាពការស្រាវជ្រាវ ការស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
នៅក្នុង ស.ស.រ នោះក៏បានសម្រេចប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។
ហើយប្រគល់ភារកិច្ចជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់វិធានការតាមផ្លូវច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ក្នុងករណីបុគ្គល ឬអង្គភាពដែលពាក់ព័ន្ធខាងលើនៅតែបន្តសកម្មភាពផ្ទុយពីប្រការ១ នៃ សេចក្តីសម្រេចឱ្យផ្អាកបណ្តោះអាសន្នការស្រាវជ្រាវការស៊ើបអង្កេត និងការបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
សូមរម្លឹក កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ៥៦១៩ប្រក ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម៕ តាពេជ្រ