ផ្លូវកៅស៊ូទើបតែសាងសង់រួចរាល់មិនទាន់បានប៉ុន្មានផង ស្រាប់តែរបើកស្រុតជាច្រើនកន្លែងនៅកណ្ដាលក្រុងសំរោង

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 9 កញ្ញា 2023
ផ្លូវកៅស៊ូទើបតែសាងសង់រួចរាល់មិនទាន់បានប៉ុន្មានផង ស្រាប់តែរបើកស្រុតជាច្រើនកន្លែងនៅកណ្ដាលក្រុងសំរោង

ផ្លូវភ្លោះលេខ៦ពីរខ្សែរមានប្រវែង៣ពាន់ម៉ែត្រនៅចំណុចខាងកើតជាប់មន្ទីរគណបក្ស និងខាងលិចជាប់មន្ទីរសូរិយោដី ស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់និងក្រុងសំរោង ខេត្តឧត្តរមានជ័យរងការផុងស្រុតជាបន្តបន្ទាប់សង្ស័យតែធ្វើមិនរឹងមាំតាមស្តង់ដា។

ប្រជាពលរដ្ឋបានឱ្យ 1Post ដឹងថា ផ្លូវភ្លោះខាងលើដើមជាឡើយជាផ្លូវដីគ្រោះក្រហម តែក្រោយមកត្រូវបានឃើញគេទើបតែសាងសង់រួចរាល់នៅកំឡុងពេលមុនបោះឆ្នោតអាណត្តិទី៧ឆ្នាំ២០២៣ តែនៅក្រោយពេលបោះឆ្នោតក៍ស្រាប់ខូចទៅវិញជាបន្តរបន្ទាប់ ដោយបាក់ស្រុតផុលថ្មនិងកៅស៊ូឡើងជាដុំៗនាំឱ្យកើតជាទួល កន្លែងខ្លះកើតជាជង្ហុកដក់ទឹកជាច្រើនកន្លែង ហើយបើមើលជាក់ស្តែងនៅកន្លែងដែលខូចនោះគឺហាក់ដូចជាកៅស៊ូនិងថ្មមិនជាប់គ្នានិងមានកម្រាស់ស្តើងពេក។ រីឯផ្លូវកំណាត់មួយចំនួនទៀតក្នុងខេត្តក៏កើតជាជង្ហុកនិងប្រះបែកផងដែរ។

ផ្លូវកៅស៊ូទើបតែសាងសង់រួចរាល់មិនទាន់បានប៉ុន្មានផង ស្រាប់តែរបើកស្រុតជាច្រើនកន្លែងនៅកណ្ដាលក្រុងសំរោង

ទាក់ទងបញ្ហានេះលោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ បានឱ្យ 1Post ដឹងថា ផ្លូវក្នុងក្រុងនោះគីជាផ្លូវខេត្ត មិនមែនជាសមត្ថកិច្ចរបស់មន្ទីរសាធារណៈការទេ បើចង់ដឹងអ្នកម៉ៅការសួរទៅខាងរដ្ឋបាលខេត្ត។ ស្រដៀងគ្នានេះដែលលោក ផុន ចាន់និល អភិបាលក្រុងសំរោង បានឱ្យដឹងថា ផ្លូវនេះមិនមែនជាគម្រោងរបស់ក្រុងនោះទេ (សម្លេង)។

ចំណែកលោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តឧត្ដរមានជ័យ មិនទាន់សុំការបញ្ជាក់នៅឡើយ បន្ទាប់ពីក្រុមការងារ 1Post បានផ្ញើសារសំណួរទៅបណ្ដាញតេឡេក្រាមរបស់លោក។

ផ្លូវកៅស៊ូទើបតែសាងសង់រួចរាល់មិនទាន់បានប៉ុន្មានផង ស្រាប់តែរបើកស្រុតជាច្រើនកន្លែងនៅកណ្ដាលក្រុងសំរោង

គួរបញ្ជាក់ថា ផ្លូវដែលរងការខូចខាតនេះជាច្រើនថ្ងៃមកហើយនៅមិនទាន់មានការជួសជុលឡើងវិញ ហើយក្រុមហ៊ុនអ្នកម៉ៅការដែលសហការជាមួយខាងរដ្ឋបាលខេត្តក្នុងការសាងសង់ផ្លូវនេះ 1Post មិនទាន់ស្គាល់អត្តសញ្ណាណនៅឡើយក្នុងការទំនាក់ទំនងសុំការបញ្ជាក់។ ហើយអ្វីដែលពលរដ្ឋចងដឹងថា តើក្រុមហ៊ុនសាសង់ផ្លូវនោះជាប្រភេទផ្លូវអ្វី សាងសង់ត្រូវនឹងស្តង់ដាតាមគម្រោងដែរឬទេ ហើយនិងមានលក្ខខណ្ឌទទួលខុសត្រូវបែបណាខ្លះ? គ្រាដែលផ្លូវទើបតែសាងសង់រួចរាល់បែជាខូចខាតធ្ងន់ធ្ងរយ៉ាងនេះ។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនងសុំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ វីដេអូខាងក្រោម៖