
មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៣នាក់ បំពេញភារកិច្ច ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។ នេះបើតាមការផ្សាយព័ត៌មានលើផេកហ្វេសបុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា៖ អនុវត្តតាមគោលការណ៍ដឹកនាំ បញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រាល់មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបំពេញភារកិច្ចអនុវត្តការងារគ្មានវិន័យ ខ្វះក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិដែលបានស្រាវជ្រាវរកឃើញពិតជាប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមិនដែលទុកចោលនោះទេ ត្រូវអនុវត្តវិធានការតាមគោលការណ៍ច្បាប់របស់កងកម្លាំងនគរបាលជាតិ។

ជាក់ស្តែងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់មកហើយ ដោយអនុវត្តក្រោមរូបភាពកម្រិតកំហុសឆ្គងរួមមាន៖ការអប់រំនិងធ្វើកិច្ចសន្យា ,ការបញ្ឈរជើងផ្អាកការងារបណ្តោះអាសន្ន ,ការចេញលិខិតព្រមានលើកទី១ ,ការកាត់បន្ថយឋាន្តរស័ក្តិ ដកហូតមុខដំណែង ប្ញផ្ទេរភារកិច្ច និងការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ៕


