ឃុំចំនួនបី នៃស្រុកវាលវែង ត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ ត្រៀមកាត់ដើម្បីរៀបចំជាក្រុងថ្មីមួយ ក្នុងនោះរួមមាន ឃុំថ្មដា ឃុំប្រមោយ ឃុំអូរសោម។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តពោធិ៍សាត់” កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។
“ យើងត្រូវរៀបចំជា៣គោលដៅ ទីមួយច្រកព្រំដែនថ្មដានេះដើម្បីបើកជាចក្រអន្តជាតិ ត្រូវរៀបចំឱ្យចេញជាក្រុងនៅពេលអនាគត ដូច្នេះត្រូវរៀបចំប្លង់គោលការអភិវឌ្ឃន៍ ធ្វើយ៉ាងណាឱ្យកើតជាទីក្រុង ដែលមានសោភ័ណភាព គុណភាព ប្រសិទ្ធភាព និងទាក់ទាញទាំងទេសចរណ៍ទាំងការវិនិយោគ និងដំណើរការចេញ-ចូលរវាងប្រទេសថៃ និងកម្ពុជាបាន”។
សូមរម្លឹកថា ការបង្កើតក្រុងនេះបានសាយភាយដំណឹងមុនរាប់ឆ្នាំមកហើយ ដោយក្រុមឈ្មួញដី ក្រុមអ្នកមានប្រាក់ អាជ្ញាធរខ្លះក៏បានទិញនិងរៀបចំដីរបស់ខ្លួនដោយរំពឹងទុកថា ដីនោះអាចនៅកៀកនឹងតំបន់រដ្ឋបាលនោះហើយដែរ៕