សាលាដំបូងរាជធានៅភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២៣ បានប្រកាសសាលក្រមកាត់ទោសឱ្យលោក កឹម សុខា ជាប់ពន្ធនាគារ ២៧ឆ្នាំ ដោយអនុញ្ញាតឱ្យឃុំខ្លួននៅក្នុងផ្ទះរបស់លោក ព្រមទាំងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដកសិទ្ធិធ្វើនយោបាយ និងមិនឱ្យទាក់ទងមនុស្សគ្រប់រូប លើកលែងតែក្រុមគ្រួសារ។
បើតាមលោក អាង ឧត្តម មេធាវីកាន់ក្ដី លោក កឹម សុខា លើកឡើងថា "អត់ត្រឹមត្រូវ អត់យុត្តិធម៌អត់ទទួលយកបានទេ" ក្នុងនោះក្រុមមេធាវីចង់ប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ តែត្រូវរង់ចាំការសម្រេចពីលោក កឹម សុខា។
សូមរម្លឹកថា លោក កឹម សុខា ត្រូវចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជាតាំងពីតាំងពីខែកញ្ញា ឆ្នាំ២០១៧។ ក្នុងសំណុំរឿងនេះចាយពេលអស់៥ឆ្នាំកន្លះ ទើបឈានដល់ការប្រកាសសាលក្រមនេះ។
ក្រោយប្រកាសសាលក្រមនេះមានក្រុមសង្កមស៊ីវិល ស្ថានទូត ក្រុមសិទ្ធិមនុស្ស អ្នកនយោបាយមួយចំនួនសម្ដែងនូវការខកចិត្ត គ្រាមានអង្គភាព ស្ថាប័ន ឯកជន និងរាជការមួយចំនួនបានគាំទ្រចំណាត់ការតុលាការផងដែរ៕