រថភ្លើងក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទៀតហើយ ម្ដងនេះខុសពីញយដង គឺបានឡាំងជាមួយរថយន្តទ្រុងធុនធំដឹកលាមកគោមួយគ្រឿងប៉ើងក្រឡាប់ផ្ងាជើង រីឯខាងរថភ្លើងក្រឡាប់សុីទែនប្រេងចំនួន២ទូចេញពីផ្លូវដែកកាលពីវេលាម៉ោង ៧:៣០នាទី រាត្រីថ្ងៃទី២៦ មករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពដំណឹងបានឱ្យដឹងថា មុនកើតហេតុមានរថយន្តធុនធំមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3E-5043 ដឹកលាមកគោបានបើកចេញពីផ្លូវជាតិលេខ២ ស្រុកបាទីខេត្តតាកែវ ឆ្ពោះទៅផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតទៅលិចពេលមកដល់ចំណុចផ្លូវប្រសព្វក្នុងភូមិក៏បុកជាមួយរថភ្លើងខ្សែអូសសុីទែនប្រេង (ព្រះសីហនុ-ភ្នំពេញ) បើកពីត្បូងទៅជើង យ៉ាងពេញទំហឹងតែម្ដង។ យ៉ាងមិញមិនបណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងអនុវត្តន៍នីតិវិធី។
សូមរម្លឹកថា នាពេលកន្លងទៅគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាច្រើនករណីស្ទើតែរាប់ភ្លេចទៅហើយនៅតាមបណ្ដាចំណុចផ្លូវប្រសព្វឆ្លងកាត់រវាងយានយន្តប្រជាពលរដ្ឋ និងរថភ្លើងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលគេដឹងថា ជាក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ដែលអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវនៅតាមចំណុចប្រឈមខាងលើ គួរតោងប្រយ័ត្នអំពីសុវត្ថិភាពឱ្យបានខ្ពស់មុននឹងធ្វើដំណើរឆ្លងកាត់៕ រំដួល