ត្រីអណ្ដែងចន្លោះពី ៥ ទៅ ១០តោន ត្រូវបានលោក ផន រ៉ានី ម្ចាស់កសិដ្ឋាន ស៉ីអេអិន (C.A.N) ប្រមូលទិញពីប្រជាកសិករនៅតាមបណ្ដាភូមិ ទៅលក់បន្តជារៀងថ្ងៃ។
លោក ផន រ៉ានី ម្ចាស់កសិដ្ឋានខាងលើ ស្ថិតនៅឃុំជ្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានឱ្យដឹងថា ការប្រមូលទិញនេះគឺយកទៅផ្គត់ផ្គង់តម្រូវក្នុងស្រុកមិនមានការនាំចេញក្រៅប្រទេសនោះទេ ក្រៅពីខេត្តព្រៃវែងលោកក៏នឹងទទួលទិញត្រីអណ្ដែងពីប្រជាកសិករទូទាំងប្រទេសផងដែរ ព្រោះបច្ចុប្បន្នប្រជាជនកម្ពុជាកាន់តែច្រើននិយមទទួលទានត្រីក្នុងស្រុកជាងត្រីនាំចូល។
លោកក៏បានអំពាវនាវដល់អ្នកទាំងគ្នាបន្តជួយគាំទ្រត្រីចិញ្ចឹមក្នុងស្រុកឱ្យបានច្រើន ដើម្បីលើកទឹកចិត្តដល់កសិករឱ្យមានកម្លាំងចិត្តចិញ្ចឹមបន្តទៀត។ ដូចជាលោកផ្ទាល់ការជួយទិញត្រីនេះក៏ជាការចូលរួមលើកទឹកចិត្ត និងបង្កើតការងារជូនពួកគាត់ក្នុងរដូវកាលកូវីដ១៩ ជាពិសេសកាត់បន្ថយការចំណាកស្រុករបស់ពួកគាត់ផងដែរ៕