ក្រុមហ៊ុន Doppelmayr Group ជួបពិភាក្សាការងារជាមួយមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដើម្បីបង្ហាញពីគម្រោងកន្រ្តកខ្សែកាប (Cable Car) ទំនើបកម្មលើវិស័យដឹកជញ្ចូនសាធារណៈ បម្រើឱ្យវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងតំបន់ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។
នៅគ្រានោះលោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ ក្រុមហ៊ុនអ៊ឺរ៉ុបDoppelmayr Group បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញផ្ទាល់ ដែលមាននិន្នាការ ងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព (Sustainability) និងការគិតគូរដល់បរិស្ថាន(Environmental Friendly)។
លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញចំណាប់អារម្មណ៍លើគម្រោងដែល ក្រុមហ៊ុនលើកយកមកបង្ហាញ និងបានគូសបញ្ជាក់ពីវិស័យដឹកជញ្ជូនសាធារណៈ ដែលក្រសួងសាធារណការ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងគិតគូរ និង ស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។
ក្រុមហ៊ុន Doppelmayr Group ត្រុវបានគេដឹងថា គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានជំនាញក្នុងរៀបចំផែនការ អភិវឌ្ឍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិត ដែលទាក់ទងនឹងវិស័យដឹក ជញ្ជូនសាធារណៈ ដោយកន្រ្តកខ្សែកាប(Cable Car) ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ការដឹកជញ្ជូន អ្នកដំណើរ ប្រកដោយបទពិសោធន៍ និងការច្នៃប្រឌិតខ្ពស់៕