ជាក់ស្ដែងការសង់សំណង់ និងកាប់ព្រៃកោងកាងចាក់ដីលើសមុទ្រនៅឃុំជីខក្រោម ធ្វើឡើងដោយបំពានច្បាប់ ត្រូវបានអាជ្ញាធរខេត្តកោះកុងឱ្យផ្អាក និងតម្រូវឱ្យបំពេញនីតិវិធី។ ចំណែកទីតាំងចំនួន២ទៀត 1Post នឹងជម្រាបជូននៅចុងក្រោយនៃអត្ថបទនេះ។
បន្ទាប់ពីបុគ្គលលោក អ៊ុក វរ៉ា ដែលជាអ្នកព័ន្ធនឹងសកម្មភាពសាងសង់សំណង់រឹង និងកាប់ព្រៃកោងកាងចាក់ដីលើសមុទ្រ ហើយអៈអាងថាមានច្បាប់ត្រឹមត្រូវនោះ ឥឡូវបែកការពិតហើយគឺគ្មានច្បាប់អនុញ្ញាតឱ្យពេញលេញត្រឹមត្រូវនោះទេ បន្ទាប់ពីអាជ្ញាធរខេត្តកោះកុងចុះពិនិត្យកាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល។
នៅក្នុងការចុះពិនិត្យនេះឈ្មួញនៅពីក្រោយនៃការបំពាននេះមិនបានចូលរួមដោយផ្ទាល់ទេ គឺមានតែបុរសម្នាក់ដែលគេសង្ស័យថា ជាអ្នកស៊ីឈ្នួលគេ បានមកចូលរួមជាភាគីខាងធ្វើសំណង់រឹងនិងកាប់ព្រៃកោងកាងចាក់ដីលើសមុទ្រខាងលើ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពិនិត្យមើលអាជ្ញាធរបានឱ្យផ្អាកសកម្មភាព និងទុកពេល១ខែដល់ម្ចាស់អាជីវកម្មឱ្យធ្វើការជាមួយមន្ទីរកសិកម្មដើម្បីបំពេញនីតិវិធីឱ្យបានត្រឹមត្រូវ។ ទោះយ៉ាងនេះក្ដីប្រជាពលរដ្ឋនៅតែឆ្ងល់អស់លោកអ្នកមានទ្រព្យអាចធ្វើបាន ទោះជារំលងនីតិវិធីក៏ដោយ ដល់តែផ្ទុះរឿងក្រោយព្យាយាមបិទព័ត៌មានមិនជិតត្បិតចង់មិនចង់ក៏ទឹកដល់ច្រមុះហើយទើបហើបមាត់លែងរួច។ មិនខុសអ្វីពីពាក្យបុរាណតែងពោលថា ក្រដាស់មិនអាចខ្ចប់ភ្លើងបាន ឬក៏អាថ៌កំបាំងគ្មានទេនៅលើលោកនេះ។ ហើយឈ្មួញ និងមន្ត្រីខ្លះក៏ឆេះដុំនឹងអ្នកសារព័ត៌មាន ដែលបានចុះផ្សាយរឿងហេតុដែលគេចង់ឱ្យស្ងាត់នេះ។
ទាក់ទងសំណង់ធ្វើបំពានច្បាប់ដែលសង់នៅលើសមុទ្រ និងលើព្រែកនេះ បច្ចុប្បន្នកំពុងកើតមានច្រើននៅក្នុងខេត្តកោះកុង ដូចជារូបភាពកំពុងបង្ហាញនេះស្ថិតនៅក្នុងភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ដែលមានឈ្មោះ អ៊ុកវរ៉ា អះអាងថាមានច្បាប់ចុងក្រោយអត់មាន។
រីឯរូបភាពនេះគឺជាសំណង់រឹងសង់នៅលើសមុទ្រស្ថិតនៅភូមិកោះស្ដេច ស្រុកគីរីសាគរ ជារបស់ឧកញ៉ា ស៊ួរ វីរៈ ថៅកែក្រុមហ៊ុនវីរៈប៊ុនថាំ លោកថាដើមឡើយការសាងសង់ធ្វើតាមវប្បធម៌របស់អ្នកស្រុករស់នៅលើទឹក តែលោកបានផ្អាកហើយនិងកំពុងសុំច្បាប់អនុញ្ញាត។
ចំណែករូបភាពនេះទៀតជាសំណង់កំពុងសាង់សង់នៅលើដីព្រែកកោះប៉ោ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាដែលគេសង្ស័យថា ជារបស់លោក គឹមហុង ហៅ (សៀឡូ) ជាអ្នកជំនួញប្រេងឥន្ទនៈម្នាក់នៅក្នុងខេត្តកោះកុង។
សួមរម្លឹកថា បើតាមបែបបទរដ្ឋបាលនិយាយជារួមមកការសង់សំណង់រឹងមាំទាំងឡាយមិនថាលើគោកលើទឹកលើដីឯកជន ឬ ដីវិនីយោគ ត្រូវតែមានច្បាប់ឱ្យត្រឹមត្រូវគ្រប់គ្រាន់ជាមុនទើបអនុញ្ញាតឱ្យមាននូវការសាងសង់។ ចុះចម្លែកអ្វីបានជាអ្នកមានប្រាក់ហើយ ខ្លះជាសេដ្ឋីផងទៀត និងមន្ត្រីខ្លះបែជារួមគ្នាធ្វើផ្ទុយនីតិវិធីបាន? ពេលធ្លាយរឿងទប់លែងជាប់ ទើបស្ទុះស្ទាបំពេញនីតិវិធីតាមក្រោយដោយមិនឃើញទោសទណ្ឌនៅឡើយ? នេះជាសំណួរដែលសាធារណៈលោកតែងឆ្ងល់?៕ តាពេជ្រ