វៀតណាម៖ សារព័ត៌មាន Vietnam Express បានចុះផ្សាយថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុង ហាណូយ Airlios កំពុងអភិវឌ្ឍរថយន្តអាចហោះហើរបាន ក្នុងគោលបំណងដាក់លក់រថយន្តប្រភេទនេះ នៅដំណាច់ឆ្នាំ២០២៣។
រថយន្តដែលត្រូវបានដាក់ឈ្មោះ Airlios មានកៅអីចំនួន ១ និងប្រើពេលត្រឹមតែ ១០វិនាទីប៉ុណ្ណោះ ដើម្បីហោះបានកម្ពស់ ១០ម៉ែត្រ។ មិនតែប៉ុណ្ណោះ វាអាចហោះបានល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រុមហ៊ុនដដែលបានបញ្ជាក់ថា រថយន្តប្រភេទខាងលើ អាចហោះបានកម្ពស់ខ្ពស់រហូតដល់១២០ម៉ែត្រ ឬស្មើនឹងកម្ពស់អគារ ៤២ជាន់។ ដោយបំពាក់ថ្មចំនួន ៨គ្រាប់ រថយន្ត Airlios អាចបញ្ចូលថ្មពេញត្រឹមរយៈពេល ៧នាទី ទៅ៩នាទីប៉ុណ្ណោះ នៅស្ថានីយសាកថ្ម ដែលដើរបាន៣០គីឡូវ៉ាត់ម៉ោង។
សូមរម្លឹកថា កន្លងមករថយន្តដែលផលិតដោយកាបូនវៃប័រ (Carbon Fiber) និងប្រភេទអាលុយមីញ៉ូម Alloy ត្រូវបានសាកល្បងហោះហើរដោយជោគជ័យ ក្នុងកម្ពស់ក្រោម ១២០ម៉ែត្រនិងល្បឿង ៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ការផលិតដោយកាបូនវៃប័រ អាចជួយឱ្យរថយន្តមួយគ្រឿងនេះ មានទម្ងន់កាន់តែស្រាល។ រថយន្ត Airlios ត្រូវបានសាកល្បង ក្នុងរយៈពេល ១ពាន់ម៉ោង និង១ពាន់គីឡូម៉ែត្រ៕ VNexpress