ភ្នំពេញ៖ “ការអភិរក្សធនធានធម្មជាតិជាកត្តាចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន” ជាប្រធានបទដែលក្រសួងបរិស្ថានបើកកិច្ចប្រជុំបណ្តាញថ្នាក់តំបន់ខាងជើងបឹងទន្លេសាប កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការតំបន់ការពារទេសភាពអង្គរ ខេត្តសៀមរាប ដែលមានការចូលរួមពីមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាសហគមន៍មួយចំនួន។
តាមស្មារតីនៃកិច្ចប្រជុំនោះបានដាក់ចេញជាផែនការសកម្មភាពការងារចំនួន ៤ ចំណុច។
១- រៀបចំកិច្ចពិភាក្សាបញ្ហាពន្ធលើផលអនុផលព្រៃឈើ ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ធបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២- រៀបចំផែនការយុទ្ធសាស្ត្រ និងសកម្មភាពនានា ដើម្បីវិធានការណ៍តឹងរឹងលើការដកហូតអនុផលព្រៃដែលមិនមាននិរន្តរភាព
៣- ជំរុញការបង្កើតមុខរបរថ្មីៗ ដែលធានាដល់ការផលិតជាក់លាក់ ទៅតាមតំបន់ និងតម្រូវការទីផ្សារ ដោយធ្វើឱ្យមានការចូលរួមតាំងពីចាប់ផ្តើម ពីវិស័យឯកជន
៤- ជំរុញការបណ្តុះបណ្តាលជាមូលដ្ឋាន ដល់មគ្គុទេសន៍ទេសចរណ៍ លើលក្ខណៈជីវសាស្ត្រ និងទូទៅពីសត្វព្រៃ និងរុក្ខជាតិសំខាន់ដែលមាននៅតាមតំបន់ការពារធម្មជាតិ ដោយសហការជាមួយវិស័យឯកជន និងអ្នកពាក់ព័ន្ធដែលមានបទពិសោធន៍លើការងារនេះ។
ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និងជាប្រធានសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ បានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ
១- ជម្រើសមុខរបរផ្សេងៗ ក្នុងបរិបទនៃការការប្រែប្រួលអាកាសធាតុ
២- ចែករំលែកព័ត៌មាន និងបទពិសោធន៍នានាទាក់ទងការលើកកម្ពស់ជីវភាពសហគមន៍
៣- រៀបចំយុទ្ធសាស្រ្ត សម្រាប់ការលើកកម្ពស់ជីវភាពសហកមន៍តំបន់ការពារធម្មជាតិ។
ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំប្រជុំមានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចដកស្រង់ពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍។ ហើយសមាជិកបណ្តាញ អាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់៕