សត្វស្វានៅជប៉ុនកំពុងអុកឡុកដេញខាំមនុស្ស បំផ្លាញដំណាំ និងរំខាន់ដល់ការរស់នៅ

ពិភពលោក
ថ្ថ្ងៃពុធ 27 កក្កដា 2022
សត្វស្វានៅជប៉ុនកំពុងអុកឡុកដេញខាំមនុស្ស បំផ្លាញដំណាំ និងរំខាន់ដល់ការរស់នៅ

សត្វស្វាអំបូរមួយប្រភេទនៅប្រទេសជប៉ុន (Macaca fuscata) ឬអាចហៅម្យ៉ាងទៀតទៅតាមលក្ខណៈខាងក្រៅរបស់វាថា ស្វាព្រិល (ជាសត្វដ៏ចំណាស់មួយប្រភេទក្នុងពិភពលោកមានដើមកំណើតក្នុងប្រទេសជប៉ុន តាំងតែសម័យអេដូ ឬ (Edo Period) និងរស់នៅក្នងតំបន់ដែលមានព្រិលទឹកកក) បានធ្វើការវាយប្រហារពលរដ្ឋរាប់សិបនាក់ក្នុងទីក្រុងមួយនៅភាគនិរតីប្រទេសជប៉ុននៅប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ។ អ្នកស្រុកបានរាយការណ៍ថា សត្វស្វាព្រិលទាំងអស់នោះចូលទៅក្នុងកសិដ្ឋានរួចក៏ធ្វើការបំផ្លាញដំណាំ ឬពួកវានាំគ្នាវារឡើងតាមបង្អួចដែលបើកចំហ ឬទ្វារទាញ (slide door) ហើយចូលទៅក្នុងផ្ទះ ឬសាលារៀន និងវាយប្រហារជនរងគ្រោះពីខាងក្រោយ ដោយការខ្វាចដៃ និងជើង ឬខាំក និងពោះរបស់ជនរងគ្រោះផងដែរ ។ សមត្ថកិច្ចព្យាយាមស្វែងរកស្វាព្រិលទាំងអស់នោះ តែមិនទាន់ចាប់បានដានពួកវានៅឡើយទេ ដោយសារវាមិនបង្ហាញខ្លួនជាក្រុមៗដែលងាយស្រួលនឹងចាប់ ហើយក៏មិនមានការបញ្ជាក់ណាមួយថាមានអ្នករងរបួសអ្វីធ្ងន់ធ្ងរនោះក៏ទេដែរ។

លោក យ៉ូស៊ីតាកាក់ ម៉ូរីស៊ីហ្កិ (Yoshitaka Morishige) មន្ត្រីរដ្ឋបាលនៃនាយកដ្ឋានអភិរក្សប្រចាំតំបន់ យ៉ាម៉ាហ្គូឈិ (Yamaguchi) បានអះអាងថា ចាប់តាំងពីថ្ងៃទី៨ ខែកក្កដាមក ជនរងគ្រោះយ៉ាងតិច ៤៥ នាក់ ភាគច្រើនជាក្មេង និងមនុស្សចាស់ បានរងរបួសដោយសារតែការវាយប្រហារពីសត្វស្វាព្រិល ស្របពេលដែលចំនួនវាយប្រហារ មានការកើនឡើងទ្វេដងក្នុងរយៈពេលតិចជាងមួយសប្តាហ៍កន្លងមកនេះ។

ចំណែកលោក ម៉ាសាតុ សៃតូ (Masato Saito) មន្ត្រីសាលាក្រុងយ៉ាម៉ាហ្គូឈិវិញ ក៏បានបញ្ជាក់ថា ក្រោយពេលស្វាព្រិលចេះតែចូលតាមបង្អួច ឬទ្វារទាញ បានបង្កជាគ្រោះថ្នាក់ជាច្រើនដល់ជនរងគ្រោះ ទើបក្លាយជាការក្រើនរំលឹកដល់មនុស្សទូទៅឱ្យចេះថែរក្សាសុវត្ថិភាពជាងមុន។ក្រោយមក សត្វស្វាព្រិល ក៏ចាប់ផ្តើមវាយប្រហារជនរងគ្រោះនៅខាងក្រៅផ្ទះវិញម្តង។ នេះជារឿងមិនធម្មតាឡើយ ការវាយប្រហារបែបនេះគឺកម្រណាស់ ព្រោះសត្វស្វាព្រិលទាំងនោះមិនដែលចូលមកក្នុងតំបន់ទីក្រុងបែបនេះពីមុនមកនោះទេ ឬដោយសារតែការបាត់បង់ជម្រកធម្មជាតិរបស់ពួកវា។ សមត្ថកិច្ចព្យាយាមបង្កើនការឃ្លាំមើល បង្កើនការដាក់អន្ទាក់ ដើម្បីចាប់ស្វាព្រិល តែនៅតែមិនអាចចាប់បានដដែល៕ CNN