បុរសដែលត្រូវបានចាប់ខ្លួនក្រោយបាញ់សម្លាប់លោក Shinzo Abe សារភាពថា មកពីអតីតមេដឹកនាំជប៉ុនរូបនេះមានទំនាក់ទំនងនិងលើកតម្កើងក្រុមសាសនា ដែលម្តាយគាត់បានជឿជ្រុលរហូតបរិច្ចាកទ្រព្យសម្បត្តិធ្វើឱ្យគ្រួសារគាត់ក្រីក្រ។ ទើបគាត់បានចំណាយពេលជាច្រើនខែរៀបចំផែនការវាយប្រហារដោយកាំភ្លើងដែលគាត់បានឆ្នៃនៅផ្ទះ។ គាត់បញ្ជាក់ថា ការសម្លាប់លោកអាបេ មិនទាក់ទងរឿងនយោបាយទេ។ ទោះយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវរកភាពជាក់លាក់បន្តទៀត។
លោក Tetsuya Yamagami អាយុ 41 ឆ្នាំដែលជាអ្នកគ្មានការងារធ្វើ និងជាអតីតទាហានម៉ារិនរបស់ប្រទេសជប៉ុន ត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណថា ជាជនសង្ស័យដែលបានចូលទៅជិតលោក Abe ឈរនៅខាងក្រោយហើយបានបើកការបាញ់ប្រហារ ត្រូវបានថតជាប់នៅក្នុងកាំមេរ៉ាវីដេអូ ដែលធ្វើឱ្យប្រទេសមួយភ្ញាក់ផ្អើលករណីអំពើហិង្សាដោយកាំភ្លើងកម្រមានណាស់។
វីដេអូនោះបានថតជាប់ជនសង្ស័យខាងលើមានពាក់វ៉ែនតាសក់រួញ បានដើរចូលផ្លូវពីក្រោយលោក Abe ដែលកំពុងឈរមើលអ្នកជិះយានយន្តនៅលើផ្លូវប្រសព្វ មុនពេលដកកាំភ្លើងបាញ់ប្រហារពីរគ្រាប់ ជាអាវុធប្រវែង ៤០ សង់ទីម៉ែត្រ (១៦ អ៊ីញ) រុំដោយកាសែតខ្មៅ។ គាត់ត្រូវបានប៉ូលិសចាប់ភ្លាមៗនៅកន្លែងកើតហេតុ។
នៅពេលកើតហេតុនោះមានការផ្ទុះយ៉ាងខ្លាំងហើយបន្ទាប់មកមានផ្សែង ការបាញ់ដំបូងគ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងទេ ប៉ុន្តែបន្ទាប់ពីការបាញ់លើកទីពីរ មើលទៅដូចជាប៉ូលីសពិសេសបានវាយលើឃាតករនោះ។
លោក អាបេ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ និងធ្វើចលនាបេះដូង តែមិនមានសញ្ញាសង្ឃឹមរស់នោះទេ។ ក្រោយមកគាត់ត្រូវបានគេប្រកាសថាស្លាប់នៅម៉ោង 5:03 ល្ងាច។ (0803 GMT) ដោយបានហូរឈាមរហូតដល់ស្លាប់ព្រោះរបួសជ្រៅដល់បេះដូង និងផ្នែកខាងស្តាំនៃករបស់គាត់។
សូមរម្លឹកថា លោក អាបេ ជាអតីតនាយករដ្ឋមន្ត្រីដែលដ៏មានឥទ្ធិពល និងប្រជាប្រិយភាពដែលកាន់អំណាចបាន ៣ឆ្នាំ ជាអ្នកកាន់តំណែងនាយរដ្ឋមន្ត្រីយូរជាងគេរបស់ប្រទេសជប៉ុន។ លោកមានវ័យ ៦៤ឆ្នាំ ជាអ្នកមានបញ្ហាសុខភាព ទើបលោកសុំលាលែងពីដំណែង តែលោកនៅតែមានសកម្មភាពឃោសនានយោបាយឱ្យគណបក្សរបស់លោកមកដល់ថ្ងៃចុងក្រោយនៃជីវិត។
លោក អាបេ ជាត្រកោលអភិជន ឳពុករបស់លោកជាអតីតនាយករដ្ឋមន្ត្រី ឱពុកក្មេកក៏ជាអតីតសមាជិកសភាពនៃប្រទេសជប៉ុន។ ក្នុងអំឡុងពេលលោកកាន់តំណែងនាយករដ្ឋមន្ត្រីក៏មានព័ត៌មានអាស្រូវមួយចំនួនទាក់ទងនឹងប្រពន្ធរបស់លោកយកឥទ្ធិពលអំណាចលើជំនួញឯកជនរបស់ខ្លួន។ ហើយនឹងមានការរិះគន់ពីការដឹកនាំរបស់លោកថា មិនអាចជួយឱ្យពលរដ្ឋមួយចំនួនងើបរួចពីភាពក្រីក្រ។
លោក អាបេ ជាអ្នកផ្ដួចផ្ដើមឱ្យមានកម្មវិធីនយោបាយឥណ្ឌូប៉ាសីហ្វិក មិនខុសអីពីនយោបាយខ្សែក្រវ៉ាត់និងផ្លូវរបស់មហាយក្សចិន។ ហើយថ្មីៗនេះលោកក៏ហ៊ានរិះគន់ដាស់តឿនអាមេរិកលើទំនាក់ទំនងតៃវ៉ាន់ ផងដែរ៕ SP