គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនហ្វីសបាយអូ(FISHBIO) បានសហការជាមួយបុគ្គលិកមកពី អេកូយុវទូត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល បានចាប់ផ្តើមដាក់ពង្រាយឧបករណ៍ចាប់សញ្ញាacoustic នៅក្នុងទន្លេក្បែរព្រំដែនកម្ពុជា-ឡាវ ហើយនឹងបន្តធ្វើការចុះទៅភាគខាងក្រោមក្នុងរយពេល ពីរបីសប្តាហ៍បន្តបន្ទាប់ទៀត។
ទីតាំងត្រួតពិនិត្យនេះរួមមានយុថ្កាបេតុង និងប៊ីដុងអណ្តែតទឹកដែលចងឧបករណ៍ចាប់សញ្ញា ឬអ៊ីដ្រូហ្វូន ទម្លាក់សំយ៉ុងចុះទៅក្នុងទឹក។ ឧបករណ៍ចាប់សញ្ញា "ស្តាប់" រករលកហ្វ្រេកង់របស់ត្រីដែលកំពុងធ្វើចរាចរផ្លាស់ទីដោយក្នុងខ្លួនបានភ្ជាប់នូវស្លាកសំគាល់(Tag) ។ នៅពេលដែលពួកត្រីដែលមានភ្ជាប់ស្លាកឆ្លងកាត់ឧបករណ៍ចាប់សញ្ញា នោះឧបករណ៍ចាប់សញ្ញានេះក៏នឹងកត់ត្រាព័ត៌មានសញ្ញាស្លាក(Tag)ត្រីនោះ។
បណ្តាញក្រុម ដែលក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គកំពុងបង្កើតនឹងតម្រូវឲ្យធ្វើការតាមដានការផ្លាស់ទីរបស់ត្រីដែលមានភ្ជាប់ស្លាក នៅពេលពួកវាហែលពាសពេញទន្លេមេគង្គ និងដៃទន្លេ ដោយផ្តល់នូវការស្វែងយល់ដ៏មានតម្លៃ អំពីពេលវេលា ទីកន្លែង និងចម្ងាយដែលត្រីកំពុងធ្វើចរាចរណ៍ក្នុងទន្លេ។ យើងទន្ទឹងចាំចែករំលែកលទ្ធផលនៃការស្រាវជ្រាវដ៏គួរឱ្យរំភើបនេះនាពេលអនាគត៕