សត្វផ្សោត អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាលងាប់នៅក្នុងទន្លេមេគង្គ ដែលបង្ហាញពីការកើនឡើងគួរឱ្យព្រួយបារម្ភនៃការបាត់បង់ប្រភេទសត្វផ្សោតជិតផុតពូជ។
សត្វផ្សោតឈ្មោលមានអាយុចន្លោះពី១៥-២០ឆ្នាំ មានប្រវែង ២៣០សង់ទីម៉ែត្រ ទម្ងន់១៦២គីឡូក្រាម។ សាកសពសត្វផ្សោតនេះត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ក្រោយការពិនិត្យសាកសពសត្វផ្សោតយ៉ាងហ្មត់ចត់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល-WWF បានសន្និដ្ឋានជាបឋមថាសត្វផ្សោតបានស្លាប់ដោយសារការជាប់នឹងមងនេសាទ ដោយសារក្រុមជំនាញស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់នៅលើផ្នែក ក របស់វា។
របាយការណ៍ដ៏សោកសៅនៃការស្លាប់សត្វផ្សោតមួយក្បាលថ្មីនេះបានបង្កើនតួលេខសត្វផ្សោតស្លាប់សរុប ក្នុងឆ្នាំ ២០២២ នេះ ដល់ចំនួន៩ក្បាល។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអត្រានៃការស្លាប់ដ៏ខ្ពស់ដែលមិនធ្លាប់មានពីមុនសម្រាប់អំឡុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ ពោលគឺសត្វផ្សោតដែលបានស្លាប់មានសរុប ចំនួន ២៧ក្បាល ចន្លោះពីឆ្នាំ ២០២០ដល់ឆ្នាំ ២០២២ (គិតត្រឹមថ្ងៃទី ១៨ ខែធ្នូ)៕ WWF