គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានឱ្យដឹងកាលពីថ្ងៃ ២៦ មេសា ឆ្នាំ២០២២ ថាខ្លួនកំពុងសហការជាមួយអ្នករុករក National Geographic ដ៏ល្បីល្បាញពីររូប ដើម្បីចុះទៅក្នុងជម្រៅដ៏ជ្រៅបំផុតនៃអាងទឹកទន្លេមេគង្គរបស់ប្រទេសកម្ពុជា ដែលមានជម្រៅរហូតដល់ ៧៥ម៉ែត្រ(២៥០ហ្វីត) ក្រោមផ្ទៃទឹក។ នៅសប្តាហ៍នេះ យើងបានស្វាគមន៍អ្នកស្រាវជ្រាវទឹកជ្រៅ Kakani Katija មកពីវិទ្យាស្ថានស្រាវជ្រាវ Monterey Bay Aquarium និងជាមួយសាស្ត្រាចារ្យវិទ្យាសាស្ត្របរិស្ថាន និងជាអ្នកមុជទឹកល្អាង Kenny Broad មកពីសាកលវិទ្យាល័យ Miami ដើម្បីចូលរួមជាមួយពួកយើងក្នុងការរុករកអាងទឹកជ្រៅនៅលើទន្លេមេគង្គនៅភាគខាងជើងប្រទេសកម្ពុជា។
អាងទឹកទន្លេមេគង្គត្រូវបានគេគិតថាមានសារៈសំខាន់ជាជម្រកត្រីនៅរដូវប្រាំង និងតំបន់ពងកូនហើយប្រហែលជាជម្រកចុងក្រោយរបស់ត្រីយក្សដែលជិតផុតពូជ។ ទោះជាយ៉ាងណាក៏ដោយជម្រកពិសេសទាំងនេះ ភាគច្រើនមិនត្រូវបានរុករកទេ ព្រោះវាពិបាកចូលទៅដល់ណាស់។ក្រុមការងារកំពុងប្រើប្រាស់នាវាមុជទឹកដោយស្វ័យប្រវត្តិ ដែលបំពាក់ដោយភ្លើង និងកាមេរ៉ាទម្លាក់កាមេរ៉ាព្យួរលើខ្សែវែង និងម៉ាស៊ីនថតវីដេអូ ដើម្បីជា "ភ្នែក និងត្រចៀក" នៃការរុករក។
សូមរម្លឹកថា ទន្លេមេគង្គជាទន្លេវែងជាងគេលំដាប់លេខ១២នៅក្នុងពិភពលោក។ នៅក្នុងឆ្នាំ១៩៩៥ប្រទេសឡាវ ថៃ កម្ពុជា និងប្រទេសវៀតណាម បានបង្កើតគណៈកម្មការទន្លេមេគង្គឡើង ដើម្បីធ្វើការគ្រប់គ្រង និងការពារធនធានតាមដងទន្លេមេគង្គនេះឱ្យមានប្រសិទ្ធិភាព។ នៅឆ្នាំ១៩៩៦ប្រទេសចិន និងប្រទេសមីយ៉ាម៉ា បានក្លាយជាសមាជិកនៃគណៈកម្មការទន្លេមេគង្គដូចនេះរហូតមកដល់ពេលបច្ចុប្បន្នមានសមាជិតចំនួន ៦ប្រទេស។ ទន្លេនេះមានប្រវែងប្រហែលជាង៥០០គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសចំនួន៦ប្រទេសគឺ ប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជាវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេនេះមានទំហំគ្រប់ដណ្តប់លើផ្ទៃដីប្រហែល ២.៦លានគីឡូម៉ែត្រការ៉េ។ ទន្លេមេគង្គជាសរសៃឈាមរបស់ប្រទេសកម្ពុជា ទន្លេនេះហូរកាត់ខេត្តដូចជា ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម រាជធានីភ្នំពេញ ព្រៃវែង ហើយបានបញ្ចប់នៅព្រំប្រទល់កម្ពុជា-វៀតណាម៕ SP ហាមចម្លង