អង្គការសង្គមស៊ីវិល កាលពីព្រឹកថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ នៅការិយាល័យព្រះសាមគ្គីស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី និងបន្តទាមទាររកយុត្តិធម៌ ជូនរូបលោក ដែលជាសកម្មជនព្រៃឈើដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា។ វីដេអូ https://fb.watch/cCdljsBhuB/
លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី២៦ខែមេសា ២០១២ គ្រាដែលចុះបេសកកម្មនៅខែត្រកោះកុងដើម្បីពិនិត្យ និងថតរូបសកម្មភាពបទល្មើសព្រៃឈើ។
ការស្លាប់របស់សកម្មជនការពារព្រៃឈើនេះ គឺជាការសោកស្ដាយជាទីបំផុតរបស់មន្ត្រីអង្គការសង្គមស៊ីវិលនានា ពីព្រោះថា កន្លងមកគេចាត់ទុកលោក ឈុត វុទ្ធី ជាមនុស្សមានសេចក្ដីក្លាហានមានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។
សូមរម្លឹកថា លោក ឈុត វុទ្ធី បានចុះទៅខែត្រកោះកុង កាលពីថ្ងៃទី២៤ ខែមេសា ជាមួយនឹងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចំនួនពីររូប គឺមានកញ្ញា ផន បុប្ឆា ជាជនជាតិខ្មែរ និងមួយរូបទៀតជាជនជាតិបរទេស។
គោលបំណងសំខាន់ក្នុងការចុះទៅខែត្រកោះកុង របស់លោក ឈុត វុទ្ធី នេះ ដើម្បីទៅពិនិត្យមើលក្រុមហ៊ុនកាប់ឈើខុសច្បាប់នៅតំបន់ក្រវាញភាគកណ្ដាល ស្ថិតនៅក្នុងស្រុកថ្មបាំង។ប៉ុន្តែជាអកុសលលោក ឈុត វុទ្ធី ត្រូវបានកងកម្លាំងការពារក្រុមហ៊ុនបាញ់សម្លាញ់ទៅវិញ ខណៈលោកបានទៅថតរូបភាពអំពីការកាប់ឈើរបស់ក្រុមហ៊ុនឯកជនមួយ។
កាលនៅមានជីវិត លោក ឈុត វុទ្ធីលោកបានសរសេរចក្ខុវិស័យរបស់លោកនៅក្នុងប្រវត្តិនោះថា"ខ្ញុំប្រាថ្នាបញ្ឈប់បទល្មើសព្រៃឈើ និងសត្វព្រៃនៅកម្ពុជា តាមរយៈការកសាងសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋរបស់រដ្ឋាភិបាល និងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសគឺមានរចនាសម្ព័ន្ធដែលប្រសើរគង់វង្សឋិតថេរ និងមានប្រសិទិ្ធភាព៕ Cre- CCFC