ក្រដាសប្រាក់ឬធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ទទួលបានពានរង្វាន់ធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៩ ពីស្ថាប័នអន្តរជាតិ Reconnaisance ក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
បើតាមលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចេញលិខិតចុះថ្ងៃទី៨ ខែមេសាឆ្នាំ២០២២ រាយការណ៍ជូនតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀលនេះ ត្រូវបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ភ ដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំ នៃការ គ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃកម្ពុជា។
ការសម្រេចផ្តល់ពានរង្វាន់ធនបត្រថ្មី ឆ្នើមនេះ គឺដោយសារបច្ចេកទេសនៃការផលិតក្នុងស្រុករបស់ធនាគារជាតិនៃកម្ពុជា មាន លក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព ដោយមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលបានឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនារំលេចនូវនិមិត្តសញ្ញាលើធនបត្រចំពោះជាតិ ពិសេសមានបច្ចេកវិទ្យាខ្ពស់ក្នុងការកាពារការក្លែងបន្លំ។
សូមបញ្ជាក់ថា ពានរង្វាន់ប្រភេទនេះមិនបានធ្វើជារៀងរាល់ឆ្នាំទេ គឺធ្វើឡើងនៅពេលដែលមានវត្តមានធនបត្រដែលមានលក្ខណៈសម្បត្តិស័ក្តិសម ប្រកបដោយគុណភាព និងបច្ចេកទេសតែប៉ុណ្ណោះ៕