ក្រសួងប្រេងប្រទេសអ៊ីរ៉ាក់ បាននាំចេញប្រេងបានចំនួនទឹកប្រាក់ ១១,០៧ ពាន់លានដុល្លារកាលពីខែមុន ដែលជាតួលេខខ្ពស់បំផុតក្នុងរយ:ពេលកន្លះសតវត្សចុងក្រោយ។ មូលហេតុនៃការកើននេះបន្ទាប់ពីកើតមានសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន ដែលបង្កឱ្យមានក្ដីបារម្ភអំពីកង្វះខាតប្រេង។
ក្រសួងប្រេងបានបង្ហាញឱ្យដឹងទៀតថា អ៊ីរ៉ាក់ ប្រទេសផលិតប្រេងធំបំផុតទីពីរ នៅក្នុងអង្គការOPEC បាននាំចេញប្រេងសរុបប្រមាណ ១០០ ៥៦៣ ៩៩៩ បារ៉ែល ដោយកើបបានប្រាក់ចំណូលចំនួន ១១,០៧ ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៧២មក។
យ៉ាងនេះក្ដីតួលេខដែលចេញផ្សាយកាលពីថ្ងៃសុក្រទី១ ខែមេសា គឺជាទិន្នន័យបឋម ប៉ុន្តែសម្រាប់ទិន្នន័យចុងក្រោយ គឺមិនមានការប្រែប្រួលច្រើននោះឡើយ។
នៅក្នុងខែកុម្ភ: ប្រាក់ចំណូលពីប្រេងរបស់អ៊ីរ៉ាក់ បានឈានដល់កម្រិតខ្ពស់បំផុតរយ:ពេល ៨ ឆ្នាំដោយទទួលបាន ៨,៥ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការនាំចេញប្រេងប្រចាំថ្ងៃ ចំនួន ៣,៣លានបារ៉ែល។ ហើយការនាំចេញប្រេង មានចំនួនជាង ៩០% នៃប្រាក់ចំណូលរបស់ប្រទេសអ៊ីរ៉ាក់ទាំងមូល។
សូមរម្លឹកថា មួយរយ:ពេលចុងក្រោយនេះ តម្លៃប្រេងឆៅបានកើនឡើងយ៉ាងខ្លាំង ដោយសារតែមានការភ័យខ្លាចចំពោះកង្វះខាតការផ្គត់ផ្គង់ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានធ្វើការឈ្លានពានទៅលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភ: ។ ហើយជាមួយគ្នានោះ ប្រទេសរុស្ស៊ី គឺជាប្រទេសដែលនាំចេញប្រេងធំបំផុតទីពីរ របស់ពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត៕