កម្លាំងសមត្ថកិច្ច២នាក់រងរបួសធ្ងន់ដោយសារតែជនសង្ស័យម្នាក់យកកាំបិតចាក់ កាលពីម៉ោង១១យប់ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើតហើយជនដៃដល់បានរត់ ទៅដល់ភូមិដើមគ ក្នុងសង្កាត់ជ្រោយចង្វ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យម្នាក់កំពុងតែឈរលក់គ្រឿងញៀននៅជិតតារាងបាល់ជាប់គល់ស្ពានជ្រោយចង្វាត្រើយខាងកើត ពេលសមត្ថកិច្ចឃើញដូច្នេះក៏បានចូលទៅចាប់ជនសង្ស័យ ក៏ប៉ុន្តែជនសង្ស័យរើបម្រះបានដកកាំបិតពីចង្កេះចាក់ទៅលើសមត្ថកិច្ចបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ហើយសមត្ថកិច្ចដែលនៅជិតនោះក៏ដកកាំភ្លើងបាញ់ឡើងលើគំរាមចំនួនពីរគ្រាប់ធ្វើឱ្យ ជនសង្ស័យភ័យក៏រត់សម្ដៅទៅតាមមាត់ទន្លេឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែល១គីឡូម៉ែត្រទៅដល់កុងស៊ីកាប់គោក៏ពួនសំងំនៅក្នុងកន្លែងបន្ទប់ជួលមួយសម្ងំលាក់ខ្លួន។ ក្រោយមកសមត្ថកិច្ចក៏បានវ៉ៃទម្លុះទ្វារស័ង្កសីដើម្បីចាប់ជនសង្ស័យខណៈនោះជនសង្ស័យបានស្ទុះមកចាក់ត្រូវមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀតបណ្ដាលឱ្យរងរបួសធ្វើឱ្យសមត្ថកិច្ចបានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀត ទើបចាប់ជនសង្ស័យនោះបាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនយកទៅសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕