
រតនគិរី៖ បឹងទំនប់វ៉ារីអគ្គីសនីអូរជុំទី១ ស្ថិតនៅក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ត្រូវបានអ្នកមានប្រាក់ឈូសឆាយលុបយកដីមាត់បឹងធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានយ៉ាងរលូន ប្រហែលជាមានការគប់គិតគ្នាហើយមើលទៅទើបគ្មានការទប់ស្កាត់យ៉ាងនេះ។
ទាក់ទងសកម្មនេះ លោក ធូ ឃឿ អភិបាលស្រុកអូរជុំ នៅថ្ងៃទី១២ មករា លោកមិនទាន់មានបញ្ជាក់នៅឡើយបន្ទាប់ពីទទួលសារសំណួរតាមតេឡេក្រាមពី 1Post។ ប៉ុន្តែគ្រាកន្លងទៅលោកធ្លាប់បានប្រាប់អ្នកសារព័ត៌មានផ្សេងថា សកម្មភាពឈូសឆាយលុបនេះ ជាដីដែលម្ចាស់គេមានប្លង់រឹងត្រឹមត្រូវតាំងពីឆ្នាំ ១៩៩៣។

ប៉ុន្តែមន្រ្តីភូមិបាលស្រុកថា ប្លង់ចាស់នោះត្រូវបាននិរាករណ៍ចោលអស់ហើយ ពោលគឺទីតាំងដីដែលបានឈូសឆាយលុបនេះ មិនមានប្លង់រឹងពីព្រោះខាងមន្រ្តីជំនាញមិនបានវាស់វែងចុះបញ្ជីជាលក្ខណៈប្រព័ន្ធនោះទេ ដោយសារទីតាំងដីនេះជាដីរបស់រដ្ឋ ហើយក៏ជាដីមានទំនាស់ផងដែរ។
ចំណែកលោក អ៊ុំ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ មករា មិនធ្វើសេចក្ដីអត្ថាធិប្បាយទេ ដោយឱ្យ 1Post ទាក់ទងទៅខាងវារីអគ្គិសនី ព្រោះវាជាអាងស្តុកទឹកបំរើឱ្យ hydropower។

សូមរំលឹកថា បើតាមអនុក្រឹតលេខ ៩៨ អ.ន.ក្រ.ប.ក ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ដីចំណីបឹងបួកំណត់ចម្ងាយ ៥០ម៉ែត្រ គិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានកម្ពស់នៅក្នុងអាងទឹក។ ចុះក្រឡេកមកមើលទីតាំងនេះវិញហេតុអ្វីក៏គេអាចចាក់ដីបំពេញវាតទីយកបានដោយមិនឃើញការទប់ស្កាត់។
បើតាមពលរដ្ឋតំបន់នោះខ្សឹបខ្សៀវថា បឹងទំនប់វ៉ារីអគ្គីសនីអូរជុំទី១នេះមានសក្ដានុពលទេសភាពពីធម្មជាតិប្រសិនបើអាជ្ញាធរអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍នោះនឹងអាចទាក់ទាញភ្ញៀវមកលេងកម្សាន្តចំណេញដល់ប្រយោជន៍រួមមិនខាន ជាជាងធ្លាក់ទៅលើដៃបុគ្គលមួយក្តាប់តូច៕ SP
