ភ្នំពេញ៖ អាគារមន្ទីរពេទ្យថ្មី ដែលមានឈ្មោះថា «កម្ពុជា-ចិន ព្រះកុសុមៈ» ពីមុនហៅថា«មន្ទីរពេទ្យលោកសង្ឃ» គ្រោងនឹងសម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២២ខាងមុខ ក្រោយដំណើរការសាងសង់អស់រយៈពេល ៣ឆ្នាំ។
មុនក្លាយជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ពីមុនមានឈ្មោះថា មន្ទីរពេទ្យព្រះកុសុមៈដែលគេស្គាល់ថាជាមន្ទីរពេទ្យលោកសង្ឃ ស្ថិត ក្នុងខណ្ឌទួលគោក ត្រូវបានកសាងនៅឆ្នាំ១៩៥៣ និងដាក់ឲ្យដំណើរការនៅឆ្នាំ១៩៥៦ ដោយយកតាមព្រះនាមព្រះមហាក្សត្រិយ៍ខ្មែរមួយអង្គ ព្រះនាម ស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលបានសោយរាជ្យ នៅចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០។
ក្រុមហ៊ុនម៉ៅ ការសាសង់ចិន «China State Construction Engineering Corporation Ltd» បានប្រាប់សារព័ត៌មានរដ្ឋចិន ZINHUA ថា អាគារពេទ្យថ្មីក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារនេះ នឹងក្លាយជាមន្ទីរពេទ្យដំបូងគេក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធវេជ្ជសាស្រ្តទំនើបប្រើប្រាស់ថាមពលទាប និងមាន គុណភាពខ្ពស់។ ហើយ អគារមន្ទីរពេទ្យនេះមានសាងសង់ចំណតឧទ្ធម្ភាគចក្រសម្រាប់សង្គ្រោះបន្ទាន់ ដែលផ្ទុកទម្ងន់ជាមធ្យមពី ៣តោន ទៅ ៥តោន ផងដែរ។
សូមបញ្ជាក់ថា អាគារ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ មានកំពស់ ១១ជាន់១៣២បន្ទប់ ឬ ស្មើនឹង ៤០០គ្រែ ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ និងបែងចែកទៅជាផ្នែកផ្សេងៗ ដូចជា ផ្នែក វះកាត់ សេវាព្យាបាលក្រៅ សង្គ្រោះបន្ទាន់ បច្ចេកវិជ្ជាវេជ្ជសាស្ត្រ មន្ទីរពេទ្យនិងភស្តុភារ៕ SP