កំពង់ធំ៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ និងរំដោះនារីរងគ្រោះចំនួន១០នាក់ ក្នុងនោះមានអនីតិជនចំនួន៧នាក់។
ទីតាំងបនពេស្យានោះស្ថិតក្នុងភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សុខហៀង ហៅ ប៉ក់ ភេទប្រុស អាយុ៤១ឆ្នាំកាលពីថ្ងៃទី២៧ ធ្នូ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២១ នេះថា ក្រោយពីសួរនាំបុរសជាជនសង្ស័យនោះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់វិធានតាមនីតិវិធី។
ទោះយ៉ាងនេះក្ដីគេមិនទាន់ដឹងមូលហេតុអ្វីបានជាបណ្ដាលឱ្យស្ត្រីនិងក្មេងស្រីមិនទាន់គ្រប់អាយុធ្លាក់ខ្លួនមកដល់បនពេស្យានេះនៅឡើយ៕ SP