សេចក្ដីរាយការណ៍បានឱ្យដឹងថា រោងឈើមួយកន្លែងនៅជាប់គល់ស្ពានព្រែក្ដាម ក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ធ្វើអាជីវកម្មស៊ីឈ្នួលអារឈើជាច្រើនប្រភេទ ពេលខ្លះហាក់បីដូចជាមិនឆែកប្រភពឈើមកពីណា មានច្បាប់កម្រិតណា ខណៈឈើមួយចំនួនគេដឹកជញ្ជូនយកមកជួលឱ្យអារដោយក្នុង ១ម៉ែត្រគីបចន្លោះពី ៦៥ ទៅ ៧០ដុល្លារ និងឈើខ្លះទៀតភាគីម្ចាស់ទីតាំងទិញមកអារសម្រាប់លក់ ពេលខ្លះក៏ឃើញឈើច្រើន ពេលខ្លះក៏ឃើញតិច អាស្រ័យលើការទិញបាន និងគេជួលឱ្យអារ។
ជាក់ស្ដែងកាលពីថ្ងៃទី១៥,១៦ កក្កដា ២០២៦ ឈើសុក្រមជាច្រើនម៉ែត្រគីបត្រូវបានឈ្មួញដឹកជញ្ជូនយកមកជួលឱ្យអារនៅទីតាំងនេះ ហាក់ដូចជាអត់មានអ្នកធ្វើការត្រួតពិនិត្យលិខិអនុញ្ញាត ឬហៅថាច្បាប់នោះទេពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនចេញចូល ដូចជារូបភាពនេះគឺឈើអាររួចពេលដឹកចេញទៅវិញ។
ប្រភពបានឱ្យដឹងទៀតថា ដើមឡើយឈ្មួញអារឈើខាងលើបានជួលទីតាំងនេះរកស៊ីរួមគ្នាជាក្រុមតែមួយ ក្រោយមកក៏បែកផ្ញែកគ្នាជា ៣ក្រុម រហូតដាក់ម៉ាស៊ីនកើនឡើងច្រើនគ្រឿង ខណៈមានការខ្សឹបខ្សៀវនូវពាក្យចចាមអារាមខ្លះថា ជាដីឧកញ៉ា ដីអ្នកធំគ្មានអ្នកណាហ៊ានប៉ះ។ សូម្បីតែអ្នកផ្សេងទៅចតឡាននៅមុខទីធ្លារោងអារឈើនោះដែលមិនមែនជាគ្នីគ្នាខ្លួនក៏ដេញចេញផងដែរ។
លោក ជិន បុត្រ ភាគីម្ចាស់ម៉ាស៊ីនទី១រាប់ពីផ្លូវចូលដូចក្នុងរូបភាពបង្ហាញនេះ ពុំមានការឆ្លើយតបនោះទេតាំងពីថ្ងៃទី ១៩ កក្កដា រហូតមកដល់វេលាចេញផ្សាយនេះ គ្រាដែលម៉ាស៊ីរ៉ៃផ្ដេកក៏មិនឃើញនៅទីតាំងចាស់ និងចំនួនឈើក៏ស្បើយជាងមុន។
លោក ហា ឃាង ភាគីម្ចាស់ម៉ាស៊ីនទី២នៅកណ្ដាលគេ ឃើញសញ្ញាគ្រីសចូលមើលរួចហើយ ប៉ុន្តែមិនឆ្លើយតបនឹងសំណួរដែលក្រុមការងារ 1Post បានសាកសួរ។
ភាគីម្ចាស់ម៉ាស៊ីនទី៣នៅឯចុងគេលោក ម៉ី តុលា ក៏អត់មានការបញ្ជាក់ដែរ ថែមទាំងលុបសារសំណួរនិងរូបភាពចេញពីតេឡេក្រាមផងទៀត ទោះបីជាក្រុមការងារយើងព្យាយាមសាកសួរជាលើកទី២ ក៏លោកមិនឆ្លើយតប។
ចំណែកលោក អ៊ុច សីហា នាយផ្នែករដ្ឋបាលព្រៃឈើតាខ្មៅបានឱ្យ 1Post ដឹងយ៉ាងខ្លីថា ទីតាំងដាក់ម៉ាស៊ីអារឈើទាំងអស់នោះ មានច្បាប់ទាំង ៣ (សម្លេង)។ ចំពោះសំណួរដែលចង់ដឹងបន្តទៀតថាតើជាច្បាប់សិប្បកម្មប្រភេទអ្វី សម្រាប់ខ្នាត តូច មធ្យម ឬ ធំ? តើរាល់ឈើដែលគេយកមកជួលឱ្យអារ និងភាគីម្ចាស់ម៉ាស៊ីនទិញមកអារ ខាងជំនាញបានពិនិត្យផ្ទៀងផ្ទាត់លិខិតអនុញ្ញាតដឹកជញ្ជូន ឬហៅថា PC ត្រឹមត្រូវឬទេ? តែលោកនាយផ្នែកមិនទាន់មានការឆ្លើយតបនៅឡើយ។
ប្រសិនបើមានការបញ្ជាក់ណាមួយពីអ្នកពាក់ព័ន្ធ 1Post នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះបន្តទៀត អរគុណ៕ តា ពេជ្រ