សពលរដ្ឋរាយការណ៍មកថា មានការគប់គិតឱ្យលេងល្បែងជល់មាន់លើដីភ្នាល់ដាក់លុយនៅក្នុងភូមិសាស្ត្រសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដូចរូបភាពដែលក្រុមការងារយើងទទួលបាននេះគឺគេលេងកាលពីរសៀលថ្ងៃទី២០ កុម្ភៈ ២០២៦ នៅចំណុចដីចំការមួយកន្លែងក្បែរផ្លូវជាតិលេខ៦ កែងផ្លូវបេតុងចូលបុរីណាឌី នៅមិនឆ្ងាយប៉ុន្មានពីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង (ជល់ចប់ម៉ោងជាង ២ រសៀល ក្រុមការងារយើងទៅដល់គឺគេអស់គូលេង យកមាន់ត្រឡប់ទៅវិញ រើសង្វៀននិងកៅអីចេញ)។
សេចក្ដីរាយការបានឱ្យដឹងថា ក្រៅពីទីតាំងខាងលើ ថ្ងៃខ្លះគេប្ដូរទៅលេងនៅខាងក្រោយវត្តចំបក់មាស និងខាងជើងសួនរំដួលរីករាយ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
ទាក់ទងសកម្មនេះលោក សន សុផា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង មិនមានការបញ្ជាក់ទេ ដោយទទួលសារសំណួរពីក្រុមការងារ 1Post តាមបណ្ដាញតេឡេក្រាមរបស់លោកចំនួន២ដង តែត្រូវបានលុបចោល ហើយមិនឆ្លើយតប។ រីឯលោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារយើងខ្ញុំបានផ្ញើសារសំណួរសុំការបញ្ជាក់ពីលោកអភិបាលរួចហើយដែរ តែលោកពុំទាន់មានការបញ្ជាក់ទេ។
ចំណែកបុរសម្នាក់មានរហ័សនាមឈ្មោះ ឆើត ដែលជាមេក្រុមបើកសង្វៀនភ្នាល់ជល់មាន់ខាងលើ យើងខ្ញុំពុំទាន់អាចសុំការបញ្ជាក់បាននៅឡើយ។
គួររម្លឹកផងដែរថា បើតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃនៅកម្ពុជាមាន ៩ ចំណុចសំខាន់ៗ ក្នុងនោះក៏បានហាមមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់ផងដែរ គោលបំណងគឺបង្កើនសុវត្ថិភាព សន្តិសុខ និងគុណភាពជីវិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ ចុះបើអ្នកខ្លះបានកន្ទេលធំបន្លំដេកគប់គិតឱ្យមានបើកលេងល្បែងស៊ីសងខុសច្បាប់ មិនថាជល់មាន់លើដី ជល់មាន់ឡាយផ្ទាល់តាមអ៊ិនធើណេត ឡូតូតាមអ៊ិនធើណេត កន្ទុយលេខ ឬក៏ឆ្នោតយួន កន្ទុយលេខឆ្នៃ ឬឆ្នោតឆ្នៃ ដែលជាល្បែងធ្វើស៊ីមិនសុច្ចរិត ឱ្យទៅរំពឹងអ្វី បើនៅចឹងធ្វើមេចបានមូលដ្ឋាន ឬ ក៏សង្គមជាតិរៀបរយ មានសណ្ដាប់ធ្នាប់ មានគុណភាពជីវិត ដូចគោលនយោបាយដែលបានកំណត់ និងចង់បាននោះ។ តា ពេជ្រ