ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបើកដំណើរការអាជីវកម្មកប៉ាល់ទំនើបដឹកអ្នកដំណើរសម្រាប់ដឹកនាំអ្នកដំណើរពីខេត្តកំពត ទៅដល់កោះត្រល់ (កោះភូកុក) ជាលើកដំបូងកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៤។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកនៃក្រុមហ៊ុននេះបានសរសេរលើបណ្ដាញសង្គមថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ដោយចំណាយពេលត្រឹម ៤០នាទីប៉ុណ្ណោះក្នុងការដំណើរការជើងដឹកអ្នកដំណើរតាមកប៉ាល់ទំនើបទៅកាន់កោះត្រល់ ទោះបីមានភាពលំបាកបន្តិចមែនប៉ុន្តែអ្នកឧកញ៉ា សួរ វីរៈ និងក្រុមការងារ បានប្តេជ្ញាចិត្តបំបែកប្រវត្តិសាស្រ្តថ្មីនេះឱ្យបាន។
“ដំណើរថ្ងៃដំបូងមើលទៅដូចកំសត់បន្តិចតែក្រុមការងារតាំងចិត្តបំបែកប្រវត្តិសាស្រ្តថ្មីដូចដែលពួកយើងធ្លាប់បានធ្វើច្រើនដងមកហើយ។ ពួកយើងតាំងចិត្តរួមគ្នានឹងយកឈ្មោះ និង ឡូកូ ក្រុមហ៊ុន វីរ:ប៊ុនថាំ ប្រកបដោយភាពល្បីល្បាញនៅលើទឹកដីកោះត្រល់ឱ្យបាន។ គ្រួសារវីរ:ប៊ុនថាំ តែងតែឈានមុខគេជានិច្ច”។