ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការនិងឈប់ធ្វើការ ពីថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2024 នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ។
ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី 16 ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត (Sida - Styrelsen för Internationellt Utvecklingssamarbete) ក្នុងទីក្រុង Stockholm។ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។
ការបិទការិយាល័យតំណាងនេះ ក៏មានន័យថាយើងនឹងបិទទំព័រ Facebook របស់យើងផងដែរ។ យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នា ដែលបានតាមដាននិងប្រាស្រ័យទាក់ទងជាមួយយើងអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕