ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកនិងមានចំនួនប្រជាជនរហូតដល់ទៅជាង១,៤ពាន់លាននាក់ តែបែជាកាន់តែចង្អៀតទីផ្សារការងារ ខណៈដែលនិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យមិនដល់ពាក់កណ្ដាលផងទទួលបានឱកាសការងារគិតត្រឹមពាក់កណ្តាលខែមេសា ដើមឆ្នាំ២០២៤ នេះ។
ក្រុមហ៊ុនធនធានមនុស្សចិន ដែលមានឈ្មោះថា ចាវភីន (Zhaopin) បានបង្ហាញរបាយការណ៍ថា ក្នុងចំណោមនិស្សិតទើបបញ្ចប់ការសិក្សាមានតែ៤៨%ប៉ុណ្ណោះ ដែលទទួលការផ្តល់ឱកាសការងារ ដោយធ្លាក់ចុះ២,៤% បើធៀបនឹងឆ្នាំមុន។
បើគិតត្រឹមឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ១៩ និស្សិតទើបបញ្ចប់ការសិក្សាដែលទទួលបានឱកាសការងារក្រៅផ្លូវការនៅក្នុងប្រទេសចិន មានរហូតដល់ ៧៥%។ ក្រោយមកធ្លាក់ចុះខក្រោម៥០% នៅក្នុងឆ្នាំ២០២២ នៅពេលរដ្ឋាភិបាលចិន បានបិទខ្ទប់ក្រុងសៀងហៃ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ១៩។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនឯកជនមួយចំនួនក្នុងវិស័យបច្ចេកវិទ្យា និងវិស័យអចលនទ្រព្យជាដើម កំពុងកាត់បន្ថយបុគ្គលិកយ៉ាងច្រើន។ សម្រាប់និស្សិតទើបបញ្ចប់ការសិក្សាទាំងនេះ ឧស្សាហកម្មដូចបានរៀបរាប់ខាងលើគឺជាប្រភពការងារដ៏សំខាន់។
ប៉ុន្តែរដ្ឋាភិបាលបានបង្ក្រាប ឬរឹតបន្តឹងលើឧស្សាហកម្មទាំងនេះ ហើយជាលទ្ធផលក៏បានកាត់បន្ថយបុគ្គលិក ខណៈដែលប្រាក់ចំណូលបានធ្លាក់ចុះ។ ទន្ទឹមនេះ និស្សិតកាន់តែច្រើនឡើងៗកំពុងគេចពីអាជីពការងារក្នុងវិស័យឯកជនដោយសារពួកគេយល់ថា ការងារគ្មានស្ថិរភាព។ Nikkei Asia