ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ថេស្លា បានយល់ព្រមលើកញ្ចប់ប្រាក់ឈ្នួលចំនួន៥៦ពាន់លានដុល្លារ សម្រាប់នាយកប្រតិបត្តិក្រុមហ៊ុននេះ គឺលោក អេឡិន ម៉ាស (Elon Musk) ដើម្បីលើកទឹកចិត្តចំពោះការដឹកនាំ និងការខំប្រឹងធ្វើការរបស់លោកក្នុងពេលកន្លងមក។
ម្ចាស់ភាគហ៊ុន ក៏បានយល់ព្រមលើការជ្រើសតាំងឱ្យមនុស្ស២នាក់ បន្តតំណែងជាសមាជិកក្រុមប្រឹក្សានាយកផងដែរ ដោយម្នាក់គឺជាប្អូនប្រុសរបស់លោក អេឡិន ម៉ាស គឺលោក គីមបល់ ម៉ាស។
សម្រាប់ការអនុម័តនេះបានបន្ថែមទម្ងន់លើការគាំទ្រដែលលោក អេឡិន ម៉ាស បានទទួលពីថ្នាក់មូលដ្ឋាននៃអ្នកវិនិយោគលក់រាយរបស់ក្រុមហ៊ុន ថេស្លា ដែលភាគច្រើនជាអ្នកគាំទ្រងប់ងុលចំពោះមហាសេដ្ឋីរូបនេះ ទោះបីជាសំណើនេះមានការប្រឆាំងពីអ្នកវិនិយោគរបស់ស្ថាប័នធំៗមួយចំនួន និងក្រុមហ៊ុនតំណាងផ្សេងទៀតក៏ដោយ៕